រដ្ឋមន្ត្រីក្រសួងបរិស្ថានបើកកិច្ចប្រជុំពិភាក្សារកដំណោះស្រាយលើផលប៉ះពាល់ផ្ទៃអាងស្តុកទឹកអូរខៃដន


ខេត្ត​បន្ទាយមានជ័យ​-​ ឯកឧត្ដម​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ដឹកនាំ​កិច្ច​ប្រជុំពិភាក្សា​ដើម្បី​​រកដំណោះស្រាយលើ​ផល​ប៉ះពាល់​ផ្ទៃ​អាង​ស្តុកទឹក​អូរខៃដន​ ដែល​ស្ថិត​ក្នុង​ភូមិ​សាស្ត្រស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ​។ កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលា​ខេត្ត​បន្ទាយមានជ័យ​ នាព្រឹក​ថ្ងៃទី​៣១​ ខែ​មករា​ ឆ្នាំ​២០១៧​ដោយ​មាន​ការ​ចូលរួម​ពីអភិបាល​នៃ​គណៈអភិបាលខេត្ត​ អភិបាលក្រុង​ប៉ោយប៉ែត​ មន្ត្រី​ក្រសួង​បរិស្ថាន​ តំណាង​ក្រុមហ៊ុន​អានកូវ៉ធើស៊ូផ្លាយ​ មន្ទីរ​ជំនាញ​​ជុំវិញ​ខេត្ត​ ប្រដាប់​អាវុធ​​គ្រប់​ប្រភេទ​ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ សរុប​ចំនួន៦៨នាក់។​​ ​គោល​បំណង​
សំខាន់​នៃ​កិច្ច​ប្រជុំនេះ​គឺ​ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយឱ្យបាន​សមស្រប​ ឆ្លើយតប​តម្រូវ​ការ​ចំពោះ​មុខ​របស់​ប្រជាពលរដ្ឋ​ ទាំង​នៅ​ទីក្រុង​ប៉ោយប៉ែត​ និង​ប្រជា​កសិករ​ក្នង​តំបន់​ប៉ោយប៉ែត​ ក៏ដូចជា​បម្រើ​ឱ្យ​វិស័យ​សេវាកម្ម​មួយចំនួនទៀត​ សំដៅធានា​ឱ្យ​បាននូវ​គុណភាព​បរិស្ថាន​ ការ​អភិវឌ្ឍ​ដោយ​ចីរភាព​ និង​ការ​រស់នៅ​ដោយ​សុខដុមរមនា​។
ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​នូវ​ជំហរ​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​ការជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​រួមគ្នាដោះស្រាបញ្ហាដើម្បី​ឧត្តម​ប្រយោជន៍របស់​ជាតិ​ មាតុភូមិ​ និង​ប្រជាជន​។ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​គណៈអភិបាល​ខេត្ត​ ១-សិក្សាកំណត់​តំបន់​និង​ប្រភេទ​ឧស្សាហកម្ម​ ដែល​មានលក្ខណៈ​សមស្រប​នឹង​សក្តានុពល​តំបន់ ២-សហការ​ជាមួយ​​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការ​ពារ​និង​អភិរក្ស​ធម្មជាតិ​នៃក្រសួងបរិស្ថាន​ និង​​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ ក្នុង​ការ​សិក្សា​រៀប​ចំ​ផែនការ​ស្តារ​អាង​ធម្មជាតិ​ សម្រាប់​ស្តុកទឹក​ឱ្យ​បាន​ត្រឹម​ត្រូវ​តាមផែនការអភិវឌ្ឍន៍ខេត្ត​ និង​ស្របតាម​​បទដ្ឋាន​បច្ចេកទេស​ ៣-សហការ​ជាមួយ​អគ្គនាយក​ដ្ឋាន​សហគមន៍​មូលដ្ឋាន​នៃ​ក្រសួង​បរិស្ថាន​​ ក្នុង​ការជួយ​រៀប​ចំ​ផែនការ​អភិវឌ្ឍ​ន៍ដំណាំកសិកម្មជុំវិញ​អាង​ និងប្រែក្លាយតំបន់អាងស្តុកទឹកឱ្យទៅជាគោលដៅទេសចរណ៍​ប្រកបដោយ​សោភណភាព​ និង​មានបរិស្ថាន​ល្អ​ស្អាត​។ ឯកឧត្ដម​រដ្ឋមន្ត្រីក៏​បាន​បញ្ជាក់​​អំពីភាពចាំបាច់​និង​​អត្ថប្រយោជន៍​នៃការរៀបចំ​តំបន់​​អាង​ស្តុកទឹក​នេះឱ្យ​មានលក្ខណៈ​ជា​តំបន់​ដី​សើម​ ដែល​មានមុខ​ងារ​ជារបៀងអភិរក្សជីវៈចម្រុះ​ផងដែរ​។