នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើដល់មន្ត្រីក្រោមឱវាទ ធ្វើការពង្រឹងកិច្ចសហការគ្នា ដើម្បីត្រៀមរៀបចំកិច្ចប្រជុំតុមូលចិន (CHINA-Round Table), វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum), និងកិច្ចប្រជុំកំពូល CLMVT នាពេលខាងមុខ។ ឯកឧត្តមមានប្រសាសន៍ថា ដើម្បីឲ្យកិច្ចប្រជុំខាងលើទទួលបានជោគជ័យតាមការគ្រោងទុក អគ្គនាយកដ្ឋានទាំងអស់ត្រូវរៀបចំក្រុមការងារបច្ចេកទេស ទទួលខុសត្រូវតាមផ្នែកនីមួយៗឲ្យបានឆាប់ សម្រាប់អនុវត្តន៍ភារកិច្ចអទិភាពចំពោះមុខ។
“ឈរលើស្មារតីសហការ ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ខ្ញុំសង្ឃឹមថា ក្រសួងពាណិជ្ជកម្មរបស់យើង នឹងទទួលបានជោគជ័យ នៅក្នុងការទទួលរៀបចំកិច្ចប្រជុំសំខាន់ៗទាំងអស់” ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
ការស្នើសុំនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកិច្ចប្រជុំលើកទី១២ របស់គណៈកម្មការគ្រប់គ្រង និងជំរុញការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក្រោមច្បាប់វិស័យពាណិជ្ជកម្ម ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីសំខាន់ៗដែលជាសមាជិក-សមាជិកាប្រមាណជាង ៤០រូប ក្នុងគោលបំណងត្រួតពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពថ្មីៗ ជុំវិញការរៀបចំសេចក្តីព្រាងច្បាប់ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម និងភារកិច្ចសំខាន់ៗដ៏ទៃទៀត ដែលជាការទទួលខុសត្រូវរួមរបស់ក្រសួងពាណិជ្ជកម្ម។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់ថ្នាក់ដឹកនាំនៃនាយកដ្ឋាននីមួយៗ ពង្រឹងការទទួលខុសត្រូវ និងបន្តធ្វើសហប្រតិបត្តិការឲ្យបានជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងយុត្តិធម៌ ដើមី្បពន្លឿននូវការបញ្ចប់សេចក្តីព្រាងច្បាប់ទាំងឡាយ សំដៅបញ្ជូនទៅដាក់ឆ្លងកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រី និងរដ្ឋសភាជាតិ ធ្វើការអនុម័តឲ្យបាននៅក្នុងឆ្នាំ ២០១៧នេះ៕