កម្ពុជា និងថៃ ចុះហត្ថលេខាលើកំណត់ហេតុនៃការស្រាវជ្រាវ និងការបោសសំអាតគ្រាប់មីន នៅតំបន់ក្បែរព្រំដែន


នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងឧត្តមសេនីយ៍ឯក Sittipol Nimnuan អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) បានចុះហត្ថលេខាលើកំណត់ហេតុ នៃការស្រាវជ្រាវ និងការបោសសំអាតគ្រាប់មីន នៅតំបន់ក្បែរព្រំដែន នៃប្រទេសទាំង២។

ការចុះហត្ថលេខា បានប្រព្រឹត្តិទៅនៅស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។

ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា ការចុះហត្ថលេខានេះ ដោយមានការអនុញ្ញាតពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ សំរេចឲ្យមានកិច្ចព្រៀមព្រៀងនេះឡើង ក្នុងរូបភាពពង្រឹងសហប្រតិបត្តិការសន្តិភាព នៃប្រទេសទាំង២ ឲ្យកាន់តែរឹងមាំ និងល្អ ប្រសើថែមទៀត៕