ការស្តារអូរសំខាន់ៗទាំង៥ នៅក្នុងក្រុងព្រះសីហនុ រួចរាល់ជិត៥៦%, រសៀលនេះប្រតិភូព្រឹទ្ធសភា បន្តចុះពិនិត្យបន្ថែមទៀត


(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ ប្រតិភូព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា បានដឹកនាំក្រុមការងារចុះពិនិត្យមើល វឌ្ឍនភាពនៃការស្តារអូរសំខាន់ៗទាំង៥ នៅក្នុងក្រុងព្រះសីហនុ ជាមួយនឹងការជំរុញ និងកោតសរសើរពីកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការស្តារអូរ ប្រឡាយ នៅក្នុងខេត្តព្រះសីហនុនេះ។

សូមជម្រាបថា គិតត្រឹមខែមីនា ឆ្នាំ២០២០នេះ ការស្តារអូរសំខាន់ៗទាំង៥ នៅក្នុងក្រុងព្រះសីហនុ ដែលមានប្រវែង ២៩,៧៩១ម៉ែត្រ បានស្ដាររួចរាល់ប្រវែង ១៦,៦៧០ម៉ែត្រ ស្មើនឹង៥៥.៩៦% ហើយ ចំណែកឯប្រវែងដែលនៅសេសសល់ក្រសួង និងសហការជាមួយអាជ្ញាធរដែនដី ដើម្បីពន្លឿនការការងារស្ដារឱ្យបានចប់សព្វគ្រប់នៅមុនរដូវភ្លៀងធ្លាក់មកដល់។

ការពន្លឿនការស្ដារអូរសំខាន់ៗមួយចំនួន នៅក្នុងក្រុងព្រះសីហនុនេះ សំដៅការពារនិងទប់ស្កាត់កុំឱ្យមានការជន់លិចលង់ដោយសារទឹកភ្លៀងនៅរដូវវស្សា ដែលនឹងចូលមកដល់នាពេលឆាប់ៗ ខាងមុខនេះ ក៏ដូចជារៀបចំប្រព័ន្ធប្រឡាយទឹកនៅទីក្រុងមួយនេះ ឱ្យមានភាពទាក់ទាញ និងអានាម័យល្អតាមផែនការ។

សូមបញ្ជាក់ថា អូរទាំង ៥នេះ មានប្រវែងសរុបចំនួន២៩,៧៩១ម៉ែត្រ រួមមាន៖ អូរអណ្ដូងអ៊ុនតាក់ ប្រវែង ៣,១១៦ម៉ែត្រ, អូរស្ពានឆេះ ប្រវែង ១,១៧០ម៉ែត្រ, អូរសំអាត ប្រវែង ៣,៧៧៥ម៉ែត្រ, អូរអេម៉ារីអូ ប្រវែង ១,៩០៦ម៉ែត្រ និងអូរឈើទាល ប្រវែង ១៩,៨២៤ម៉ែត្រ៕