ឯកឧត្តម កែវ រ៉េមី វាយតម្លៃខ្ពស់ចំពោះអ្នកច្បាប់ និងមេធាវីរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនដល់ពលរដ្ឋក្រីក្រ


ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល របស់អ្នកច្បាប់ និងក្រុមមេធាវីរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងរហ័សជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលគ្មានលទ្ធភាពពឹងពាក់មេធាវីឯកជន ដោយមិនយកកម្រៃដែលជាផ្នែកមួយបានចូលរួមចំណែកបម្រើដល់សង្គមជាតិយ៉ាងច្រើន។

ការវាយតម្លៃខ្ពស់បែបនេះ របស់ ឯកឧត្តម កែវ រ៉េមី បានធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញ​ជាអធិបតីភាព​ក្នុងកិច្ចប្រជុំបូកសរុបការងារ និងវាយតម្លៃប្រសិទ្ធភាពការងាររបស់អ្នកច្បាប់ និងក្រុមមេធាវីរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធាន សមាជិក ក្រុមអ្នកច្បាប់ និងមេធាវីរបស់គណៈកម្មាធិការយ៉ាងច្រើនផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម កែវ រ៉េមី បានថ្លែងថា ក្រុមអ្នកច្បាប់ និងមេធាវី របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្តល់នូវជំនួយផ្នែកច្បាប់ចំនួន០២យ៉ាងសំខាន់ ដែលក្រុមអ្នកច្បាប់ និងមេធាវីបានសម្រេចនាពេលកន្លងមករួមមានទី១៖ ការផ្តល់ប្រឹក្សាផ្នែកច្បាប់ តាមទូរស័ព្ទជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃសេវា និងទី២៖ ការប្រឹក្សាផ្នែកច្បាប់ និងការការពារក្តីនៅតុលាការដែលពាក់ព័ន្ធ នឹងការរំលោភបំពានសិទ្ធិមនុស្សជាដើម។

បន្ថែមពីនេះទៅទៀត ចំពោះមេសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម កែវ រ៉េមី បានបន្តថា ក្នុងចំណោមកិច្ចការជាច្រើនក្នុងការពារសិទ្ធិមនុស្សរបស់ក្រុមអ្នកច្បាប់ និងមេធាវីរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គឺមានការងារចំនួន៣ មានការលេចធ្លោ និងមានការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋ និងសាធារណជន គឺទី១៖ ការផ្តល់ជំនួយផ្នែកច្បាប់ និងមេធាវីការពារក្តីជូនស្ត្រីដែលជាប់ឃុំ មានទោសបូកសរុបបញ្ចូលគ្នាមានជាង១០០ឆ្នាំ, ទី២៖ ការងារស៊ើបអង្កេតករណីធ្វើទារុណកម្មអ្នកតវ៉ាក្នុងទំនាស់ដីធ្លីរហូតដល់ស្លាប់ នៅខេត្តបន្ទាយមានជ័យ និងទី៣៖ ការផ្តល់មេធាវីការពារក្តីដល់ស្ត្រី ដែលជាប់ឃុំក្នុងពន្ធនាគារហើយមានកូនស្លប់នៅអាយុ៥ខែ។

ជាមួយនឹងសមិទ្ធផលដែលទទួលបានជោគជ័យលើការផ្តល់ជំនួយផ្នែកច្បាប់ដោយមិនយកម្រៃនេះដែរ ឯកឧត្តម កែវ រ៉េមី បានលើកទឹកចិត្តដល់អ្នកច្បាប់ និងក្រុមមេធាវីរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ត្រូវខិតខំបន្តក្នុងការបំពេញភារកិច្ចនេះបន្តទៅទៀត ដើម្បីជាប្រយោជន៍ដល់សង្គមជាតិទាំងមូល រួមទាំងការថែរក្សាឱ្យបាននូវយុត្តិធម៌នៅក្នុងសង្គមជាតិ ជាដើម៕