អាជ្ញាធរកំពង់ឆ្នាំង ដឹកនាំមន្ត្រីរាជការសម្អាតមាត់ទន្លេក្នុងទីក្រុង ដើម្បីវិថីស្អាត ម្ហូបអាហារល្អ ភ្ញៀវទេសចរណ៍ចូលចិត្តកម្សាន្


(កំពង់ឆ្នាំង)៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា វិថីស្អាត ម្ហូបអាហារស្អាត និងទីក្រុងរមណីយដ្ឋានស្អាត គឺជាចំណង់ចំណូលចិត្ត នៃភ្ញៀវទេសចរណ៍គ្រប់រូប ដែលយើងគឺជាម្ចាស់មូលដ្ឋានទាំងអស់គ្នា ត្រូវតែយកចិត្តទុកដាក់សម្អាតទីក្រុង ផ្ទះសម្បែង និងកន្លែងធ្វើការ ជាពិសេសមាត់ទន្លេ ដែលជាកន្លែងមកលំហែកម្សាន្តឲ្យបានស្អាត ដើម្បីសោភ័ណ្ឌភាពទីក្រុង និងជាជាមុខមាត់ កិត្តិយសរបស់ខេត្ត និងទីក្រុងយើង ពិសេសគឺដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលមកទស្សនាកម្សាន្តនៅរមណីយដ្ឋានផ្សេងៗ ក្នុងខេត្តកំពង់ឆ្នាំងរបស់យើងផងដែរ។

ឯកឧត្តមភិបាលរងខេត្តបានថ្លែងបែបនេះ ទៅកាន់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សជាង ៥០០នាក់ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីប្រមូលសំរាមសម្អាតសួនច្បារ និងសម្អាតមាត់ទន្លេផ្សារក្រោម ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានបន្តថា តាមគោលការរបស់ខេត្តកន្លងមកបានណែនាំឲ្យប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន និងហាងលក់ដូរ ឬតាមវត្តអារាម និងតាមមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវមានធុងសំរាម៣ប្រភេទ គឺពណ៌ខ្មៅ ពណ៌លឿង និងពណ៌ខៀវ ដើម្បីដាក់សំរាមតាមប្រភេទផ្សេងៗគ្នា សម្រាប់ទុកឲ្យក្រុមហ៊ុនអនាម័យប្រមូលដឹកយកទៅចោល។ បើយើងធ្វើបានទាំងអស់គ្នាបែបនេះគឺ ទីក្រុងយើងពិតជាស្អាត មានបរិស្ថានល្អ ភ្ញៀវទេសចរណ៍នឹងចូលចិត្តមកលេងកម្សាន្ត ហើយប្រជាពលរដ្ឋយើង និងបានប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារបន្ថែមទៀត។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យឲ្យដឹងថា បញ្ហាសំរាមកន្លងមកពិតជានៅមានការលំបាកខ្លះៗ ដោយសារប្រជាពរដ្ឋយើងមិនទាន់យល់ដឹង និងមិនទាន់មានការភ្ញាក់រលឹក ដោយពួកគាត់បានបោះសំរាម និងស្បោងផ្លាស្ទីចចោលពាសវាលពាលកាល តាមទីសាធារណៈ តាមទីប្រជុំជន និងតាមសួនច្បារជាដើម ពិសេសនៅតាមតំបន់ទេសចរណ៍នានាដែលមានមនុស្សច្រើន។ ដូច្នេះហើយខាងមន្ទីរទេសចរណ៍ ក៏ដូចជាអាជ្ញាធរខេត្តកំពង់ឆ្នាំង សំណូមពរប្រជាពលរដ្ឋយើង ត្រូវតែចូលរួមសម្អាតទីក្រុង រមណីយដ្ឋាន និងតំបន់ទេសចរណ៍ផ្សេងៗទាំងអស់គ្នា ដោយត្រូវចោលសំរាមក្នុងធុង ឲ្យបានត្រឹមត្រូវ និងត្រូវណែនាំកូនក្មួយ ឲ្យចេះធ្វើអនាម័យតាមកន្លែងរស់នៅ កន្លែងលក់ដូរ ដោយត្រូវចូលរួមអនុវត្តន៍ តាមអនុសាសន៍របស់សម្តេចតេជោ ដែលបានដាក់ចេញថា វិថីស្អាត ម្ហូបអាហារស្អាត ភ្ញៀវទេសចរណ៍ និងចូលចិត្ត មានសុខភាពល្អ ក្រុមគ្រួសារ ពិតជាមានសុភមង្គលរុងរឿង៕