សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កុំឲ្យបារម្ភចំពោះប្រាក់បៀវត្សរបស់ខ្លួន គឺនៅតែរក្សាការដំឡើងជូនដដែល ហើយចំពោះប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀល សម្រាប់បុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌ នៅតែបន្តអនុវត្តន៍ដដែល បើទោះបីរាជរដ្ឋាភិបាលសម្រេច កាត់បន្ថយការចំណាយគ្រប់ក្រសួងស្ថាប័ន ត្រូវកាត់បន្ថយ៥០ភាគរយក្តី។
ថ្លែងបញ្ជាក់យ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅរសៀលទី០៤ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីបិទសន្និបាត បូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល នៅសណ្ឋាគារសុខា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំប្រាប់ទៅ មុនីរ័ត្ន [ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន] ថាទី១៖ ឡើងប្រាក់ខែអត់ផ្អាកទេ ទី២៖ ជួយឧបត្ថម្ភក្នុងពេលចូលឆ្នាំ និងពេលភ្ជុំអត់ថយទេ គឺអត់បានទេ ត្រូវតែប្រគល់ឲ្យបងប្អូន»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការកាត់បន្ថយតាមក្រសួងស្ថាប័នទាំងអស់នោះ គឺជាការកាត់បន្ថយចំណាយផ្សេង ពីបន្ទុកបើកប្រាប់បៀវត្ស។ ការកាត់បន្ថយនេះរាជរដ្ឋាភិបាល សន្សំបានថវិកា៤០០លានដុល្លារ សម្រាប់ទុកបម្រុងប្រើប្រាស់ពេលមានហានិភ័យផ្សេងៗ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍ដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុង១ឆ្នាំ២លើក គឺលើកទី១ ចាប់ពីថ្ងៃទី០១ ខែមករា និងលើកទី២ នៅចាប់ពីថ្ងៃទី០១ ខែមេសា។
សម្រាប់ការដំឡើងប្រាក់ដំណាច់មុខងារ នៅខែមេសា ឆ្នាំ២០២០ខាងមុខនេះ នឹងធ្វើឲ្យកម្រិតប្រាក់បៀវត្សទាបបំផុត របស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធកើនឡើងដល់៖
១៖ មន្ត្រីរាជការស៊ីវិល៖ ចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់១,១៧២,៥០០រៀល។
២៖ គ្រូបង្រៀន និងគ្រូពេទ្យ៖ ចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់១,២៧២,៥០០រៀល។
៣៖ នគរបាលជាតិ (ពលបាលត្រី)៖ ចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់១,២៥៦,៩៧៧រៀល (គិតបញ្ចូលរបបអង្ករ)។
៤៖ យោធិន (ពលទោ)៖ ចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់១,១២៣,៥០០រៀល (មិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលរបបអង្ករត្រូវជាប្រមាណ ១,១៨១,៩៧៧រៀល៕