ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ចូលរួមពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា នៅវត្តអន្លង់គង ស្រុកប្រាសាទសំបូរ


(កំពង់ធំ)៖ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្តម ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ បានជួបសំណេះសំណាលជាមួយលោកយាយលោកតា លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស ក្នុងពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា នៅវត្តអន្លង់គង ស្ថិតនៅភូមិកំពង់លុក ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងកម្មវិធីនោះ លោក កង ឃុន គណៈកម្មការចាវត្តអន្លង់ ក៏បានឡើងចំណាប់អារម្មណ៍ពីសមិទ្ធផលនានា នៅក្នុងវត្ត ពិសេសព្រះពុទ្ធរូបធំកម្ពស់៦ម៉ែត្រ សម្រាប់គោរពបូជា របស់លោកយាយលោកតា និងគណៈកម្មការពុទ្ធបរិស័ទនៅក្នុងវត្ត។

ទន្ទឹមនេះផងដែរ ឯកឧត្តម ឈុន ឈន់ បានឱ្យដឹងថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ដូច្នេះសូមឱ្យលោកយាយលោកតាទាំងអស់ ត្រូវតែអនុវត្ត និងគោរពឲ្យបានល្អប្រសើរ សម្រាប់អោយក្មេងជំនាន់ក្រោយ អនុវត្តតាមផងដែរ។

ឯកឧត្តមបន្តថា ការកសាងសមិទ្ធផលនានា នៅក្នុងវត្តសង្កេតឃើញថា វត្តអន្លង់គងនេះ មានការរីកចម្រើនជាលំដាប់ដោយសារពុទ្ធបរិស័ទ គណៈកម្មការវត្ត និងប្រជាពលរដ្ឋ ទាំងអស់ចេះសហការគ្នា សាមគ្គីភាពគ្នា ខិតខំរៀបចំ និងប្រមូលថវិកាពីសប្បុរសជននានា ដើម្បីយកមកកសាងវត្តឱ្យមានរីកចម្រើនភាពជឿនលឿន។

ឯកឧត្តមបានបន្តមកទៀត អរគុណសន្តិភាពទាំងអស់នេះហើយ ដែលប្រជាពលរដ្ឋយើងទាំងអស់ត្រូវការសុខសន្តិភាព ដើម្បីចូលរួមក្នុងវិស័យព្រះពុទ្ធសាសនាឱ្យបានយូរអង្វែងជានិរន្តរ៍។ លោកក៏បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ឲ្យចៀសឆ្ងាយពីគ្រឿងញៀន បើកបរគោរពច្បាប់ចរាចរណ៍និងពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ទប់ស្កាត់នូវបទល្មើសផ្សេងៗ។

គណៈអធិបតីបានប្រគេនបច្ច័យមួយចំនួន សម្រាប់កសាងសមិទ្ធផលនានាបន្តទៀត ចែកសម្ភារសិក្សាដល់សិស្ស ជូនក្រមាដល់លោកយាយ លោកតា ដែលបានចូលរួម និងអញ្ជើញកាត់ខ្សែបូរណ៍ដាក់ឲ្យប្រើប្រាស់នៅព្រះពុទ្ធរូប និងសមិទ្ធផលនានាចាប់ពីពេលនេះតទៅ៕