រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំបន្ទាន់ជាមួយមន្ត្រីជំនាញ និងវិស័យឯកជន ដើម្បីទប់ទល់នឹងវិបត្តិនានាបណ្តាលមកពីជំងឺ COVID-19


(សៀមរាប)៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំក្នុងកិច្ចប្រជុំបន្ទាន់ជាមួយមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងវិស័យឯកជនជុំវិញបញ្ហាជំងឺ COVID-19 ដើម្បីដោះស្រាយ និងវិធានការនានា ជុំវិញវិបត្តិជំងឺកូវីដ១៩ នៅសាលប្រជុំរដ្ឋបាលខេត្ត។

ក្នុងកិច្ចប្រជុំនេះ គឺបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ កុំឱ្យមានការភ័យខ្លាច និងសិក្សាលទ្ធភាពនានា ក្នុងការជួយដល់ក្រុមហ៊ុន សហគ្រាស ជាពិសេសជីវភាពរបស់និយោជិតជាដើម។

ក្រោយពីពិភាក្សាគ្នារួចមក ឯកឧត្តមអភិបាលខេត្តបានដាក់វិធានការ និងណែនាំមួយដូចខាងក្រោម៖

១៖ ចូលរួមតាមដានព័ត៌មានពិត និងចាត់វិធានការបំពុលព័ត៌មានបានបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅទាំងស្មារតី និងសម្ភារៈ។ អាជ្ញាធរខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកបំពុលព័ត៌មាន ដោយចាត់ឲ្យស្នងការនគរបាលខេត្តចាត់វិធានការ ដោយសហការជាមួយ។

២៖ រួមគ្នាបើកយុទ្ធនាការ ដោយសហការជាមួយ ស.ស.យ.ក យុវជន មន្ត្រីរាជការ វិស័យឯកជន ចូលរួមចលនាសំអាតកំចាត់មេរោគមេរោគនៅតាមទីប្រជុំជន និងកន្លែងសំខាន់ៗ មួយចំនួនទៀត។

៣៖ មន្ទីរសុខាភិបាល ស្នងការ អាវុធហត្ថ ត្រូវសហការជួយរុករកអ្នកមានទំនាក់ទំនងជាមួយជនជាតិជប៉ុនរួចហើយ។ ចំពោះអ្នកជាប់ផ្ទាល់ ៤នាក់ វិជ្ជមាន ១នាក់ ចំពោះអ្នកជាប់ផ្ទាល់ជាមួយអ្នកឆ្លងជាជនជាតិខ្មែរ ៣នាក់ មិនឆ្លងទេ។

៤៖ បន្តការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធជាប្រក្រតី ដើម្បីត្រៀមទទួលភ្ញៀវក្រោយចប់វិបត្តិកូវីដ១៩។

៥៖ បន្តសម្អាតស្ទឹងសៀមរាប តាមរយៈការវិនិយោគស្ទឹងសៀមរាប ដោយត្រូវរួសរាន់ក្នុងការជំរុញការបើកការដ្ឋាន។

៦៖ ក្រុង ស្រុកទាំង១២ ត្រូវបន្តរៀបចំសក្តានុពលទេសចរណ៍ ជាអេកូទេសចរណ៍ និងវប្បធម៌ ដោយពន្លឿនការសិក្សា យ៉ាងយូរមិនឱ្យលើសមួយឆ្នាំ។

៧៖ ការត្រួតពិនិត្យម្ហូបអាហារ ចំណីអាហារ ដោយពាណិជ្ជកម្ម កាំកុងត្រូល ត្រូវពិនិត្យដោយយកចិត្តទុកដាក់។ បំផុសចលនារៀបចំឱ្យមានម្ហូបអាហារជអត្តសញ្ញាណក្រុង ស្រុកនីមួយ ក៏ដូចជារួមចំណែកទាក់ទងភ្ញៀវទេសចរ៕