ខេត្តកំពង់ចាមរៀបចំជាស្រេច នូវបន្ទប់ និងសម្ភារៈបរិក្ខារ សម្រាប់សង្គ្រោះ អ្នកឆ្លងជំងឺកូវីត១៩


(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម  ឯកឧត្តម អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ រួមជាមួយនឹងអភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះត្រួតពិនិត្យ អគារសម្រាប់ដាក់អ្នកជំងឺដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលរៀបចំដោយមន្ទីរសុខាភិបាលខេត្ត ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោក គឹមសួរ ភីរុណ បានមានប្រសាសន៍ថា មន្ទីរពេទ្យកំពង់ចាម បានរៀបចំបន្ទប់សម្រាប់ដាក់អ្នកជំងឺដាច់ដោយឡែកចំនួន៥បន្ទប់ មានសំភារៈសង្គ្រោះ និងភារៈ PPE ដែលផ្តល់ពីក្រសួងសុខាភិបាល និងបានបណ្តុះបណ្តាលលោកគ្រូ អ្នកគ្រូពេទ្យចំនួន៣០នាក់ នៅក្នុងមន្ទីរពេទ្យសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺ ដើម្បីបង្ការការពារជំងឺផ្លូវដង្ហើម ដែលបណ្តាលមកពីកូរ៉ូណាវីរុស។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើរដល់លោកគ្រូ អ្នកគ្រូពេទ្យកុំឱ្យភយ័ខ្លាច នឹងជំងឺនេះពេក ព្រោះបានដឹងនូវវិធីការពារ និងព្យាបាលជំងឺនេះហើយ ត្រូវខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋយើង ឱ្យបានកាន់តែល្អប្រសើរឡើង។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលទូទាំងខេត្ត ត្រូវខិតខំធ្វើការអប់រំផ្សព្វផ្សាយសុខភាពដល់ប្រជាពលរដ្ឋឱ្យចេះអនាមយ័ការពារថែរក្សាសុខភាពរបស់គាត់ផងដែរ៕