ឯកឧត្តម ត្រាំ អ៊ីវតឹក សម្ពោធអគាររដ្ឋបាលប្រៃសណីយ៍ខេត្តពោធិសាត់


នៅព្រឹកថ្ងៃទី៣១ខែមករា ឆ្នាំ២០១៧ អគាររដ្ឋបាលមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មី របស់ខេត្តពោធិសាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងប្រតិភូ អមដំណើរ និងមានការអញ្ចើញចូលរួមពីអាជ្ញាធរខេត្ត មន្ត្រីរាជការយ៉ាងច្រើនកុះករ ។

លោក អូ ឆៃ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តពោធិសាត់បានឱ្យដឹងថា អគាររដ្ឋបាល មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ថ្មីនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ដោយសាង សង់នៅលើផ្ទៃដីចំនួន ៣៧៨ម៉ែត្រក្រឡា មានកម្ពស់ពីរជាន់ដែលមានបណ្តោយ ២១ម៉ែត្រ ទទឹង៩ម៉ែត្រ មានច្រើនបន្ទប់សម្រាប់ធ្វើការដោយ ចំណាយថវិកាអស់ជិត ៨០០លានរៀល។

ឯកឧត្តម ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ថា អគាររដ្ឋបាលប្រៃសណីយ៍ថ្មីនេះ គឺជា សមិទ្ធផលថ្មីមួយទៀត នៅខេត្តពោធិសាត់ សម្រាប់បម្រើដល់ផលប្រយោជន៍សង្គម ។

ឯកឧត្តម រដ្ឋមន្ត្រី បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាសមិទ្ធផលនានាជាច្រើនបាននិងកំពុងរីកចម្រើន ក្នុងនោះរួមមាន ទំនប់ ប្រឡាយ ទឹក ស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ក្រុមហ៊ុន រោងចក្រ សហគ្រាស …. ដែលទាំងអស់នេះ បាននិងកំពុងបម្រើសេចក្តីត្រូវការនិងផលប្រយោជន៍ដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕