ក្រសួងការបរទេសកម្ពុជា នឹងប្រារព្ធទិវា ASEM Day ដើម្បីផ្សព្វផ្សាយពីការត្រៀមរៀបចំកិច្ចប្រជុំកំពូល ASEM 13


(ភ្នំពេញ)៖ ក្រសួងព័ត៌មានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ស្អែកនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំវេទិកា ASEM Day នៅបរិវេណខាងមុខវត្តបទុមវតី រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយជូនសាធារណជនជាតិ និងអន្តរជាតិឲ្យបានជ្រាបអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM 13) ឆ្នាំ២០២០ និងព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំ ASEM 13 ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

បើតាមក្រសួងព័ត៌មាន ព្រឹត្តិការណ៏ ASEM Day នេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងស្ថានទូតបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សិស្ស និស្សិត និងបើកទូលាយឱ្យសាធារណជនបានចូលទស្សនា ដើម្បីស្វែងយល់ពីព្រឹត្តិការណ៍នេះ អមជាមួយ នឹងការទស្សនាស្តង់ពិព័រណ៍ ការសម្ដែងសៀក ការថតរូប និងការចុះហត្ថលេខាជាមួយកីឡាករឆ្នើម និងការសំដែងតន្ត្រីជាដើម។ ទិវា ASEM Day នោះ នឹងរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

បើតាមកម្មវិធី ការប្រារព្ធទិវា ASEM Day នេះ មានការរៀបចំជាព្រឹត្តិការណ៍កីឡា ការសម្តែងសិល្បៈ ការប្រគំតន្រ្តីសម័យ ការដាក់តាំងបង្ហាញស្តង់ជាសាធារណៈ ការថតរូប និងការសម្ដែងតន្ត្រីនានា ការសំណេះសំណាលជាមួយតារាចំរៀង និងបញ្ជ្រាបព័ត៌មាន និងកម្មវិធីជាច្រើនទៀត ដើម្បីឱ្យសិស្សានុសិស្ស យុវជន ក៏ដូចជាមហាជន ដែលបានចូលរួម បានសប្បាយផង បានសិក្សាឈ្វេងយល់ និងទទួលបានចំណេះដឹងផង។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ខាងមុខ ដើម្បីឱ្យថ្នាក់ដឹកនាំកំពូលៗមកពីប្រទេសអាស៊ី និងអឺរ៉ុប ចូលរួមពិភាក្សាគ្នាលើប្រធានបទសំខាន់ៗ ដោយឈរលើសសរស្តម្ភទាំង៣ គឺនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ កិច្ចប្រជុំកំពូលនេះ តែងតែធ្វើឡើងពីរឆ្នាំម្តង ហើយចុងក្រោយបំផុត គឺនៅឆ្នាំ២០១៨ ដែលកិច្ចប្រជុំនេះ បានប្រារព្ធធ្វើនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក គឺនៅទីនោះហើយ ដែលកម្ពុជាយើងមានកិតិ្តយសបំផុតដោយទទួលបានការឯកភាពពីបណ្តាប្រទេសចំនួន៥១ ឱ្យទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលលើកទី១៣ នៅក្នុងឆ្នាំ២០២០នេះ ប៉ុន្តែមុននឹងដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឬ ASEM នេះ គឺមានការប្រារព្ធទិវា ASEM Day មួយ ដែលទិវានេះធ្វើឡើង ដើម្បីចូលរួមអបអរ ក៏ដូចជាចូលរួមផ្សព្វផ្សាយឱ្យមហាជនបានឈ្វេងយល់ពីអ្វី ដែលជាកិច្ចប្រជុំកំពូលដ៏មានសារសំខាន់មួយនេះ៕