ចុះពិនិត្យវាយតម្លៃលើសក្តានុពលទឹករបស់ស្ទឹងជិនិត ខេត្តកំពង់ធំ


នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៧ លោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស
បានដឹកនាំក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យវាយតម្លៃលើសក្តានុពលទឹករបស់ស្ទឹងជិនិត ស្ថិតក្នុងខេត្តកំពង់ធំ ។
ឆ្លងតាមការចុះពិនិត្យ វាយតម្លៃនេះ ក្រុមការងារពិនិត្យឃើញថា ស្ទឹងជីនិត នៅមានសក្តានុពលទឹកច្រើន និងដែលយើងមិនទាន់បានទាញយកមកប្រើប្រាស់ឲ្យអស់លទ្ធភាពនៅឡើយ ។
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បន្ទាប់ពីទទួលបាននូវរបាយការណ៍បច្ចេកទេសបឋមរបស់ក្រុមការងារ ក៏បានចាត់តាំងឲ្យក្រុមអ្នកបច្ចេកទេសរបស់ក្រសួង សហការជាមួយទីប្រឹក្សាបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាសុី ( ADB ) ចាប់ផ្តើមធ្វើការសិក្សាជាបន្ទាន់ ពិសេសលើការកសាងអាងទឹក ” ទំនប់អាងគគីរ ” ស្ថិតក្នុងឃុំអន្លង់វិល ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយត្រូវសាងសង់ទំនប់អាងឲ្យមានកំពស់ប្រហាក់ប្រហែលនឹងក្រឹត ( កូដ ) ៦០ ធ្វើឲ្យអាងទឹកនេះ មានលទ្ធភាពស្តុកទឹកបានប្រមាណ ៥០០ លានម៉ែត្រគូប តាមរយៈការប្រមូលយកទឹកពីតំបន់ផ្ទៃរងទឹកភ្លៀងនានា ពីតំបន់ព្រៃឡង់ ពីខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តកំពង់ធំ ។
ទំនប់គគីរ គឺជាប្រភពទេឹកដ៏ធំថ្មីមួយទៀត ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ទឹកដល់ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង និងប្រពន្ធ័ធារាសាស្រ្តស្ទឹងជីនិត បង្កឲ្យប្រព័ន្ធទាំងពីរនេះ មានទឹករស់ជាប់ជាប្រចាំ ព្រមទាំងផ្តល់
ទឹកដល់ដំណាំកសិកម្ម កសិ-ឧស្សាហកម្ម របស់បងប្អូនប្រជាកសិករ នៅផ្នែកខ្លះនៃខេត្តកំពង់ធំ កំពង់ចាម ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និងខេត្តត្បូងឃ្មុំ ។ អាងទឹកនេះ ក៏នឹងក្លាយជាតំបន់ អេកូទេសចរណ៍ ផងដែរ ។
បន្ទាប់ពីបានចុះពិនិត្យ វាយតម្លៃ សក្តានុពលទឹក នៅស្ទឹងជីនិត ក្រុមការងារ ក៏បានចុះពិនិត្យ និងរៀបចំគម្រោងអនុត្តរភាពប្រពន្ធ័ធារាសាស្រ្ត មួយចំនួនទៀត នៅក្នុងខេត្តកំពង់ធំ និងខេត្តកំពង់ចាម ៕