ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ជំរុញការពង្រឹងសមត្ថភាព ឆ្លើយតបគ្រោះមហន្តរាយ របស់គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយថ្នាក់ក្រោមជាតិខេត្ដកែប


(កែប)៖ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសមាគមអតីតយុទ្ធជន និងការងារគ្រោះមហន្តរាយ របស់ខេត្តកែប។

តាមរបាយការណ៍របស់ឯកឧត្តម អ៊ឹង ឆាយ អភិបាលខេត្តស្តីទី បានឲ្យដឹងថា ខេត្តកែប ទទួលរងជំនន់ទឹកភ្លៀងប៉ះពាល់ ដល់ប្រជាពលរដ្ឋ១០០គ្រួសារ ខូចផ្លូវ ជាង៥ពាន់ម៉ែត្រ ខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ៨៥គ្រួសារ ដោយឡែកដីស្រែ១៥២ហិកតា ត្រូវទឹកប្រៃជ្រាបចូលបណ្តាលឲ្យទិន្នផលធ្លាក់ចុះ។

គួរបញ្ជាក់ដែលថា ករណីរលំបាក់អគារ៧ជាន់ កាលពីថ្ងៃ៣ ខែមករា កន្លងមក បណ្តាលឲ្យកម្មករ-កម្មការិនីស្លាប់ និងរងរបួស ៥៩នាក់ ក្នុងប្រតិបត្តិការរុករកសង្គ្រោះនេះ ត្រូវបានសម្តេចតេជោ ចុះមកដឹកនាំផ្ទាល់។ ដោយឡែក ការងារអតីតយុទ្ធជន បានប្រគល់ផ្ទះអំណោយសម្តេចតេជោ ១៦ខ្នង ជូនអតីតយុទ្ធជន មានជីភាពលំបាក និងចុះសួរសុខទុក្ខ អតីតយុទ្ធជន បាន២១៧នាក់ ដោយបានឧបត្ថម្ភថវិកា សម្ភារៈមួយចំនួនធំ។

ក្នុងនាមសម្តេចតេជោ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បាននាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តទាំងមូល។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកសសើរចំពោះការខិតខំ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសមាគមអតីតយុទ្ធជនខេត្ត ដែលបានបំពេញមុខនាទី របស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្តម្ចាស់ការ ចុះទៅដោះស្រាយភ្លាម។

សម្រាប់ការងារបន្ត ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញឲ្យគណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រូវធ្វើការពង្រឹងសមត្ថភាព ក្តាប់ឲ្យបានមុខសញ្ញាគ្រោះមហន្តរាយ ដែលអាចកើតមាន និងមុខសញ្ញាជនងាយរងគ្រោះ ដើម្បីយើងធ្វើផែនការបំរុងទុក។

* ចំពោះ សមាគមអតីតយុទ្ធជនខេត្ត គ្រប់សាខា សមាគមអតីតយុទ្ធជនឃុំ សង្កាត់ទាំងអស់ត្រូវជ្រើសរើស យកសមាជិកអតីតយុទ្ធជនម្នាក់ ដែលមានសមត្ថភាពឲ្យ មកធ្វើជាអនុប្រធានសាខា ដើម្បីជួយការងារ។

* បន្តធ្វើបច្ចុប្បន្នភាពរឲ្យឃើញអ្នកមានជីវភាពលំបាក ដើម្បីយើងជួយដោះស្រាយជូនពួកគាត់ ចំពោះអ្នកអត់ផ្ទះចំនួន៥គ្រួសារ ទេសរដ្ឋមន្រ្តី និងសាងសង់ផ្ទះ ជូនក្រោយសន្និបាត សមាគមអតីតយុទ្ធជនកម្ពុជារួច៕