អភិបាលខេត្តពោធិ៍សាត់ បាននឹងកំពុងបន្តជួបសំណេះសំណាល និងទទួលដោះស្រាយបញ្ហាប្រឈម ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ជាច្រើនករណី


ប្រជាពលរដ្ឋដែលមានបញ្ហា បានស្កាត់មកពីគ្រប់ទិសទីក្នុងខេត្តពោធិ៍សាត់ ដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ពីឯកឧត្តមអភិបាលខេត្ត លើបញ្ហាផ្សេងៗគ្នា ពាក់ព័ន្ធជីវិតប្រចាំថ្ងៃរបស់ពួកគាត់។ ប្រជាពលរដ្ឋខ្លះមានជម្លោះដីធ្លី ប្រជាពលរដ្ឋខ្លះមានបញ្ហាបំណុល ប្រជាពលរដ្ឋខ្លះទៀតមានជម្លោះក្នុងគ្រួសារ និងអ្នកខ្លះទៀតរងការចាញ់បោកគេជាដើម។ ហើយពេលខ្លះក៏មានវិវាទនៅតាមទីអារាម រវាងព្រះសង្ឃ និងគណៈកម្មការវត្តផងដែរ។

ជាក់ស្តែងនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណ់អភិបាលខេត្តពោធិ៍សាត់ បាននឹងកំពុងបន្តជួបសំណេះសំណាល និងទទួលដោះស្រាយបញ្ហាប្រឈម ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ជាច្រើនករណី នៅវេទិកាសាលាខេត្ត ដែលការទទួលដោះស្រាយនេះ ត្រូវបានធ្វើឡើងរៀងរាល់២ថ្ងៃម្តង ក្នុងមួយសប្តាហ៍។

ក្រៅពីបង្កើតយន្តការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានចូលជួបរៀបរាប់ពីបញ្ហា ដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ហើយនោះ ក្នុងឋានៈជាអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បានដឹកនាំអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ឱ្យលេចចេញនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនទៀត។ ក្នុងរយៈពេលជាង៥ឆ្នាំ នៃការដឹកនាំខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន ក៏បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យមានភាពប្រសើរផងដែរ។

សមិទ្ធផលការងារកើតចេញពីកិច្ចប្រឹងប្រែងក្នុងការដឹកនាំ និងគ្រប់គ្រងខេត្តពោធិ៍សាត់នេះ បានធ្វើឱ្យឯកឧត្តម ម៉ៅ ធនិន ទទួលបានការស្រឡាញ់ពេញចិត្ត និងគាំទ្រពីប្រជាពលរដ្ឋក្នុងខេត្ត។ ពលរដ្ឋខ្លះបានធ្លោយមាត់ថា ពួកគេមានសំណាងដែលមានអភិបាលខេត្តល្អមិនធ្លាប់មានពីមុនមក ហើយមិនចង់ឱ្យអភិបាលខេត្តរូបនេះចាកចេញទៅណានោះឡើយ៕