អភិបាលខេត្តតាកែវ ចុះតាមព្រំដែនណែនាំមន្រ្តីចត្តាឡីស័ក្ត និងមន្រ្តីពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ត្រួតពិនិត្យលើជនបរទេសចូលមកកម្ពុជា ដើម្បីការពារ COVID-19


(តាកែវ)៖ បន្ទាប់ពីប្រទេសកម្ពុជា មានករណីផ្ទុះវីរុស Covid-19 ទៅលើបុរសជនជាតិខ្មែរម្នាក់ និងអ្នកទេសចរណ៍ជនជាតិអង់គ្លេស ៣នាក់ ដែលជិះកប៉ាល់ពីប្រទេសវៀតណាម ចូលក្នុងខេត្ត កំពង់ចាម និងការរីករាលដាលយ៉ាងខ្លាំងនៅតាមប្រទេសជាច្រើន ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានចុះទៅតាមច្រកព្រំដែនមួយចំនួននៅជាប់ប្រទេសវៀតណាម ដោយណែនាំដល់មន្រ្តីពាក់ព័ន្ធ ជាពិសេសមន្រ្តីចត្តាឡីស័ក្ត ដែលកំពុងតែឈរជើងនៅតាមច្រកព្រំដែន ត្រូវយកចិត្តទុកដាក់ និងរឹតបន្តឹងឱ្យបានខ្លាំងក្លា លើការត្រួតពិនិត្យសុខភាពរកវីរុស Covid-19 ពីជនបរទេសដែលចូលមកកម្ពុជា តាមច្រកទ្វាព្រំដែនទាំង៣ របស់ខេត្តតាកែវ។

នៅក្នុងឱកាសចុះទៅច្រកទ្វាអន្តរជាតិភ្នំដិន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ូច ភា បានណែនាំដល់ប្រធានមន្ទីរសុខាភិបាលខេត្ត ត្រូវដាក់ពង្រាយមន្រី្តចត្តាឡីស័ក្ត នៅគ្រប់ច្រកទ្វាព្រំដែនទាំង៣ នៅក្នុងខេត្ត ហើយត្រូវធ្វើសកម្មភាពត្រួតពិនិត្យឱ្យបានម៉ត់ចត់ ចំពោះជនជាតិវៀតណាម នៅជាប់ព្រំដែន ដែលចេញចូលមកកាន់ប្រទេសកម្ពុជា ជាពិសេសជនបរទេសជាភ្ញៀវទេសចរណ៍។

ឯកឧត្តមអភិបាលខេត្តតាកែវ បានបន្តថា «បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា បានរកឃើញអ្នកផ្ទុកវីរុសកូវីត១៩ ចំនួន ៤នាក់ហើយ ដែលបុរសខ្មែរម្នាក់ បានឆ្លងពីជនបរទេស និងមានជនបរទេសចំនួន៣ទៀត ដែលកើតជំងឺកូវីត១៩ បានចូលមកពីប្រទេសជិតខាង ដូច្នោះសូមមន្រ្តីចត្តាឡីស័ក្ត ត្រូវធ្វើការត្រួតពិនិត្យ ឱ្យបានច្បាស់លាស់រាល់ជនបរទេស ដែលចូលមកកាន់កម្ពុជា ចៀសវាងមានការធ្វេសប្រហែស ដែលនាំឱ្យមានអ្នកផ្ទុកជំងឺ Covid-19 ចូលមកប្រទេសកម្ពុជា ហើយឆ្លងរីករាលដាលដល់ប្រជាពលរដ្ឋកម្ពុជា»។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានណែនាំដល់អភិបាលស្រុកជាប់ព្រំដែន ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីវិធីបង្កាជំងឺកូវីដ១៩ ដែលក្រសួងសុខាភិបាល បានធ្វើការណែនាំ រួចមកហើយ និងត្រូវផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ កុំឱ្យមានការភ័យខ្លាចពីជំងឺនេះ៕