ពលរដ្ឋទីទាល់ក្រ ៤០គ្រួសារ នៅខេត្តប៉ៃលិន ទទួលបានអំណោយ និងអណ្តូងស្នប់ទឹកស្អាត អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន


(ប៉ៃលិន)៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត និងលោក មាស រិទ្ធី អគ្គនាយករងទូរទស្សន៍ហង្សមាស អមដំណើរដោយថ្នាក់ដឹកនាំ មន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញផ្តល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ៤០គ្រួសារ និងប្រគល់អណ្តូងស្នប់ទឹកស្អាត ដែលស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោក មាស រិទ្ធី បានឲ្យដឹងថា ការប្រគល់អំណោយ និងអណ្តូងទឹកស្អាតនាពេលនេះ គឺជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់តាម រយៈមូលនិធិស្ថានីយ៍ទូរទស្សន៍ហង្សមាស។ លោកក៏បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីទុក្ខលំបាក អំពីសុខភាព និងអនាម័យរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តម ផាន់ ចាន់ធុល បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយបានផ្តល់អណ្តូង ទឹកស្អាត ដើម្បីជួយដោះស្រាយការ លំបាករបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ លោកបន្តថា បញ្ហាសុខភាព គឺជាកត្តាចម្បង សម្រាប់មនុស្សយើងគ្រប់រូប ដូច្នេះបញ្ហាទឹកស្អាត ក៏ជាកត្តាដ៏ចាំបាច់សម្រាប់មនុស្សជាតិ យើងគ្រប់រូបក្នុងការរស់នៅប្រចាំថ្ងៃ ដើមី្បបរិភោគប្រើប្រាស់ជាអចិន្ត្រៃយ៍។

ឯកឧត្តមថ្លែងថា ទឹក គឺជាថាមពលចិញ្ចឹមសរីរាង្គកាយមនុស្ស សត្វ និងរុក្ខជាតិ។ ឯកឧត្តមបានបន្តថា អណ្តូងទឹកនេះ ក៏ជាសមទ្ធិផលថ្មី សម្រាប់ប្រជាពលរដ្ឋនៅភូមិដីក្រហម បានប្រើប្រាស់គ្រប់ៗគ្នា ដែលមិនបានចោទជាបញ្ហា ការកង្វះខាតទឹកប្រើប្រាស់ទៀតឡើយ ទាំងរដូវប្រាំង និងវស្សា ព្រមទាំងធ្វើការ ដាំដុះដំណាំរួមផ្សំផងដែរ។

ឯកឧត្តមបានធ្វើការលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ដើម្បីជួយសម្រួលដល់ជីវភាព និងការរស់នៅប្រចាំថ្ងៃ។ លោកក៏បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវមើលថែរក្សាអណ្តូងទឹកនេះឲ្យបានល្អ ដើម្បីជាប្រយោជន៍ប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា ក្នុងពិធីប្រគល់ទទួល អណ្តូងស្នប់ទឹកស្អាត នាឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល និងលោក មាស រិទ្ធី បានផ្តល់អាល់កុលលាងដៃ កម្ចាត់មេរោគ និងអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ៤០គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ មី១កេស និងថវិកា២ម៉ឺនរៀល៕