ជំនួបពិភាក្សាការងារស្តីអំពីការផ្តល់សេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពីព្រលានយន្តហោះអន្តរជាតិ ភ្នំពេញទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ


នៅថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Philippe Chatignoux ប្រធានផ្នែកសេវាសេដ្ឋកិច្ច នៃស្ថានទូតបារាំងប្រចាំកម្ពុជា ដែលមានការអមដំណើរដោយតំណាងមកពី Agence Francaise de Developpement (AFD) ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway)តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSEZ)លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA) និងព្រលានយន្តហោះកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាអំពីការសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីព្រលានយន្តអន្តរជាតិភ្នំពេញទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSEZ) នៅខែមីនាឆ្នាំ២០១៨ និងរិះរកមធ្យោបាយអនុវត្តការផ្តល់សេវាដឹកជញ្ជូននេះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។
ជាមួយគ្នាផងដែរ អង្គប្រជុំបានយល់ព្រមពិនិត្យមើលដំណោះស្រាយបណ្តោះអាសន្នក្នុងការផ្តល់សេវាដឹកជញ្ជូនអ្នកដំណើររួមបញ្ចូលគ្នាជាមួយនឹងការផ្តល់សេវារថយន្តក្រុងពីស្ថានីយរថភ្លើងភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតបារាំង និងភាគីក្រុមហ៊ុនចូលរួមពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រ និងជំនួយបន្តរបស់ខ្លួនក្នុងការជួយពង្រឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឱ្យព្រលានយន្តហោះកម្ពុជានិងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បំពេញការងារយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីអនុវត្តគម្រោងដ៏មានសារសំខាន់មួយនេះ។