សម្ដេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ និងប្រជាពលរដ្ឋ បញ្ឈប់ការធ្វើដំណើរទៅអឺរ៉ុប អាមេរិក និងអ៉ីរ៉ង់


(ភ្នំពេញ)៖ ដើម្បីឆ្លើយតបនឹងការរីករាលដាលយ៉ាងខ្លាំងនៃជំងឺកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ បានចេញសារាចរណែនាំឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ និងប្រជាពលរដ្ឋ បញ្ឈប់ការធ្វើដំណើរទៅអឺរ៉ុប អាមេរិក និងអ៉ីរ៉ង់។

វិធានការនេះបានធ្វើឡើងបន្ទាប់ពីកម្ពុជាបានរកឃើញនៅករណីកូវីដ១៩ ចំនួន ៤ករណីទៀត នៅលើខ្លួនជនជាតិខ្មែរឥស្លាម ២នាក់ ជនជាតិខ្មែរដែលមកពីប្រទេសបារាំង១នាក់ និងកូនបុរសជនជាតិបារាំងអាយុ ៣៥ឆ្នាំមួយនាក់ ដែលធ្វើឲ្យករណីឆ្លងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាកើនឡើងដល់ ១២នាក់ ដែលភាគច្រើននៃអ្នកឆ្លងជាពលរដ្ឋមកពីប្រទេសលោកខាងលិច។

ដើម្បីទប់ស្កាត់ការរីករាលដាលនេះ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវវិធានការដូចខាងក្រោម៖

១៖ ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើដំណើរទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន។

២៖ គ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមិនត្រូវអនុញ្ញាតឲ្យមន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ ធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទ ទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើយ។

៣៖ ក្នុងករណីចាំបាច់ខានមិនបាន ដែលតម្រូវឲ្យមានតំណាងរបស់កម្ពុជា ចូលរួមប្រជុំនៅបណ្ដាប្រទេសដូចជាបញ្ជាក់ខាងលើ ក្រសួង ស្ថាប័នពាក់ព័ន្ធនីមួយៗ ត្រូវធ្វើសំណើទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតប្រចាំនៅប្រទេសម្ចាស់ផ្ទះនៃការប្រជុំ ឲ្យចូលរួមជំនួស។

៤៖ ចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណា ដែលទើបវិលត្រឡប់ពីបណ្ដាលប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវដាក់ខ្លួនឱ្យនៅដោយឡែក ក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ស្របតាមនីតិវិធីកំណត់ដោយក្រសួងសុខាភិបាល៕

ខាងក្រោមនេះគឺជាសារាចរណែនាំ ដែលដាក់ចេញដោយ សម្ដេចតេជោ ហ៊ុន សែន៖