អភិបាលខេត្តរតនគិរី អំពាវនាវប្រជាពុទ្ធបរិស័ទ បន្តចូលរួមលើកកម្ពស់ គុណតម្លៃព្រះពុទ្ធសាសនា


(រតនគិរី)៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអំពាវនាវប្រជាពុទ្ធបរិស័ទទាំងអស់ បន្តចូលរួមលើកកម្ពស់ វិស័យព្រះពុទ្ធសាសនាបន្តទៀត ឲ្យកាន់តែរីកចម្រើន សាកសមជាសាសនារបស់រដ្ឋ ព្រោះសាសនាមានតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អប់រំតម្លៃសីលធម៌សង្គម ដល់គ្រប់ស្រទាប់មនុស្ស។

ការអំពាវនាវរបស់ឯកឧត្តម ថង សាវុន ធ្វើលឡើងក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាពិសេក និងសម្ពោធសមិទ្ធផលនានា វត្តសាយសមុនីរាម ភូមិសាយ៉ស់លើ ឃុំកាឡែង ស្រុកលំផាត់ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ ដែលមានតម្លៃប្រមាណជាង ៩៨២លានរៀល។

ឯកឧត្តម ថង សាវុន បានបញ្ជាក់ថា សមិទ្ធផលទាំងអស់នៅទីអារាមនេះ គឺជាការខិតខំប្រឹងប្រែងសាមគ្គីរួបរួមគ្នា របស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដើម្បីលើកកម្ពស់វិស័យសាសនា ក្រោមតម្លៃ នៃសុខសន្តិភាព ស្ថិរភាពនយោបាយនៅកម្ពុជា ហើយសមិទ្ធផលទាំងនេះ មានគុណតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ទុកជាមរតកកូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា៕