សម្ភារៈប្រយុទ្ធនឹងជំងឺកូវីត១៩ របស់ចិន នឹងដឹកមកដល់កម្ពុជានៅយប់នេះ


(ភ្នំពេញ)៖ សម្ភារៈប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីត១៩ (COVID-19) ដែលជំនួយរបស់រដ្ឋាភិបាលចិន អាចនឹងដឹកមកដល់ប្រទេសកម្ពុជានៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតចិនប្រចាំនៅកម្ពុជា តាមរយៈទំព័រ Facebook។

បើតាមការបញ្ជាក់ស្ថានទូតចិន សម្ភារៈប្រើសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីត១៩ ឬហៅថា «Detection Reagent» គឺសម្រាប់មនុស្សប្រមាណ ២ពាន់នាក់។ សម្ភារៈនេះ នឹត្រូវប្រគល់ជូនទៅក្រសួងសុខាភិបាល។

ស្ថានទូតចិន បានអះអាងទៀតថា ប្រទេសចិន នឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាសវេជ្ជសាស្រ្ត និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ ហើយក៏នឹងខិតខំផ្តល់ជាកម្លាំងគាំទ្រក្នុងកិច្ចការទប់ស្កាត់ជំងឺកូវីត១៩ផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ជំងឺកូវីត១៩ បានកើតមាននៅក្នុងប្រទេសកម្ពុជាចំនួន ២៤នាក់ហើយ។ អ្នកទាំង២៤នាក់នោះរួមមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១៖ បុរសខ្មែរឥស្លាម នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសខ្មែរឥស្លាម អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។
ទី១៣៖ បុរសជនជាតិខ្មែរឥស្លាម នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៥ទី១៦៖ បុរសខ្មែរឥស្លាម ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា
ទី១៧, ១៨, ១៩, ២០៖ បុរសខ្មែរឥស្លាម (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង
ទី២១៖ បុរសខ្មែរឥស្លាម អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប
ទី២២៖ បុរសខ្មែរឥស្លាម អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក
ទី២៣, ២៤៖ បុរសខ្មែរឥស្លាម អាយុ ៧៥ឆ្នាំ និង ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំ៕