សេវា​រថយន្តក្រុង​សាធារណៈ​នឹងដាក់​ដំណើការ​ទៅវិញទៅមក​ភ្នំពេញ​-​កំពង់ស្ពឺ នាចុងខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ


ភ្នំពេញ​៖ អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​ឲ្យ​ដឹងថា អាជ្ញាធរ​នឹងដាក់​ឲ្យ​ដំណើរការ​សេវា​ដឹកជញ្ជូន​តាម​រថយន្តក្រុង​សាធារណៈ​ ទៅមក​ខេត្តកំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ នាពេលខាងមុខ​។​
​អភិបាល​ខត្ត​កំពង់ស្ពឺ បាន​ប្រាប់ថា លោក​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចិន​មួយ​រួចរាល់ ដើម្បី​ឲ្យ​ពួកគេ​សិក្សា​លទ្ធភាព​ផ្ដល់​សេវា​ដឹកជញ្ជូន​តាម​រថយន្តក្រុង​ សម្រាប់​ពលរដ្ឋ​ដំណើរ​ពី​ខេត្តកំពង់ស្ពឺ មក​រាជធានី​ភ្នំពេញ ជា​លើកដំបូង​នេះ​។​

​លោក វ៉ី សំណាង បន្ត​មានប្រសាសន៍ថា សេវា​រថយន្តក្រុង​នេះ នឹងដាក់​ឲ្យ​ដំណើរការ​លើផ្លូវ​ទូទាំង​ខេត្តកំពង់ស្ពឺ ប៉ុន្តែ​សម្រាប់​ដំណាក់កាល​ដំបូង​គឺ គេ​នឹង​ចាប់ផ្ដើម​ពី​ផ្លូវជាតិ​លេខ​៤ រហូតដល់​ស្ថានីយ៍​ចោមចៅ រួច​ត​ភ្ជាប់​ជាមួយ​ខ្សែរ​រថយន្តក្រុង របស់​សាលា​រាជធានី​ភ្នំពេញ​។​

«​សេវា​រថយន្តក្រុង​នេះ នឹង​ចាប់ផ្តើម​ដំណើរការ​ដំបូង​ដោយ​ប្រើប្រាស់ រថយន្តក្រុង​ចំនួន ២០​គ្រឿង ចំណុះ​ជាង ៣០​កៅអី ចាប់ពី​ពី​ខេត្តកំពង់ស្ពឺ បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទៅ​ចោមចៅ នៅ​ចុងខែ​ឧសភា ឆ្នាំ​២០១៨»​។ លោក​អភិបាល​បញ្ជាក់​ផ្អែក​តាម​គម្រោង​ក្រុមហ៊ុន រួច​បន្ថែម​ឲ្យ​ដឹងថា ក្រុមហ៊ុន​ចិន​នោះ នឹង​បន្ត​ពង្រីក​ខ្សែរ​រត់តាម​ផ្លូវជាតិ ៤១-៥១ ទៅ​ផ្លូវជាតិ​លេខ​៤៤​ថែមទៀត នៅ​ចុងខែ​ឧសភា ឆ្នាំ​២០១៩ តប​តម្រូវការ​ទីផ្សារ​។​

​តាមលោក វ៉ី សំណាង សិស្សនិស្សិត ជនពិការ និង​មនុស្ស​ចាស់ជរា​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើងទៅ អាច​ជិះ​រថយន្តក្រុង​សាធារណៈ​ដោយ​ឥតគិតថ្លៃ​។ លោក​ជឿជាក់ថា គម្រោង​នេះ នឹង​ទទួល​ការគាំទ្រ​ពី ប្រជាជន ព្រោះ​វា​ជួយ​កាត់បន្ថយ​ការចំណាយ​លើ​សេវា​ធ្វើដំណើរ​របស់​ពួកគេ​។ ប៉ុន្តែ លោក​ពុំទាន់​ដឹង​ពី​តម្លៃ​សំបុត្រ​រថយន្ត​នោះទេ លោក​គ្រាន់តែ​បញ្ជាក់ថា ក្រុមហ៊ុន​វិនិយោគ​កំពុង​សិក្សា​ទីផ្សារ​នៅឡើយ​៕