ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាលបារាំង សហការជាមួយសាលាក្តីខ្មែរក្រហម និងស្ថានទូតបារាំងប្រចាំកម្ពុជា បានស្នើអាជ្ញាធរសាលារាជធានីភ្នំពេញសង់ស្តូបរម្លឹកអនុស្សាវរីយ៍ជនរងគ្រោះក្នុងរបបខ្មែរក្រហម នាពេលខាងមុខនេះ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានឲ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញបានឯកភាព ឲ្យពួកគេសង់ស្តូបរម្លឹកអនុស្សាវរីយ៍ជនរងគ្រោះក្នុងរបបខ្មែរក្រហមនោះ ក្នុងបរិវេណសួនច្បារទល់មុខស្ថានទូតបារាំងរួចរាល់ហើយដើម្បីបង្ហាញពីការជម្លៀសប្រជាជនដោយបង្ខំកាលពីឆ្នាំ១៩៧៥។
លោកបានឲ្យដឹងថា ផ្អែកតាមប្លង់បច្ចេកទេសកំណត់នោះ បារាំងនឹងសង់រូបសំណាកតំណាងប្រជាជនខ្មែរ ម្នាក់ ពិសេសគឺ កុមារ និងស្ត្រីរងគ្រោះកម្ពស់ជាង ២ម៉ែត្រពីលោហៈធាតុតាមរចនាប័ទ្មខ្មែរ ហើយចារអក្សខ្មែរ ដែលបកស្រាយពីការប្រើហិង្សា និងការជម្លៀសដោយបង្ខំក្នុងរបប ប៉ុល ពត។ ប៉ុន្តែលោក ភក្តី នៅពុំទាន់ដឹងពីចំនួនទឹកប្រាក់ដែលត្រូវចំណាយសម្រាប់សាងសង់ស្តូបនេះនៅឡើយទេ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ បញ្ជាក់ដូច្នេះថា៖ «យើងឯកភាពគ្នាឲ្យសង់ស្តូបនេះក្នុងគោលបំណងឲ្យប្រជាជនស្វែងយល់ពីការពិតក្នុងរបបខ្មែរក្រហម កាលពីថ្ងៃទី១៧ខែមេសា ឆ្នាំ១៩៧៥ថែមទៀត»។