ឯកឧត្តម ផៃស៊ីផាន៖ ៥ចំណុចដែលមីយាន់ម៉ា ដូចកម្ពុជាប៉ុន្តែសេដ្ឋកិច្ច កម្ពុជានៅឈរ ខ្ពស់ជាង


ភ្នំពេញ៖ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី និងជាមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ក្រោមប្រធានបទដំណើរទស្សនកិច្ច របស់ប្រធានាធិបតីមីយ៉ាន់ម៉ា និងស្ថានការណ៍ នយោបាយកម្ពុជា ។

សំណួរ៖ តើឯកឧត្តមយល់ឃើញយ៉ាងណា ចំពោះដំណើរទស្សនកិច្ច របស់ប្រធានាធិបតីមីយ៉ាន់ម៉ា មកកាន់កម្ពុជា រយៈពេល៤ថ្ងៃនេះ ?
ចម្លើយ៖ បាទការទស្សនកិច្ចនេះ ខ្ញុំយល់ឃើញថាជាការពង្រឹង និងប្រតិបត្តិការ រវាងប្រទេសទាំង២។ កន្លងមក និងសព្វថ្ងៃ ប្រជាពលរដ្ឋមីយាន់ម៉ា និងអ្នកនយោបាយ ប្រទេសមួយនេះ គេបានវាយតម្លៃខ្ពស់មកកាន់កម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោហ៊ុនសែន ដោយសារគេដឹងគុណ ព្រោះកម្ពុជា ធ្លាប់ជួយមីយាន់ម៉ា យ៉ាងសកម្ម ដើម្បីដាក់ចូលជាសមាជិកអាស៊ាន ។ នេះជាការប្រឹងប្រែងណាស់របស់សម្តេចតេជោ ។ នេះជាការដឹងគុណទី១ ។ ទី២ សម្តេចមានបទពិសោធន៍ច្រើន ដោយកម្ពុជា បានស្តារឡើងវិញទាំងអស់នូវរចនាសម្ព័ន្ឋ និងជួយប្រជាជាជាតិចំទិសដៅ។ នេះហើយបានជាមីយាន់ម៉ារៀនពីកម្ពុជា ។ ទី៣ ការអភិវឌ្ឍន៍ ដែលចាប់ផ្តើមពីកំណែទំរង់ជាច្រើន ពាក់ព័ន្ឋនឹងវិស័យ យោធាប្រដាប់អាវុធ និងវិស័យរដ្ឋបាល ក៏ជាចំនែកគេយកគំរូតាម។ ប្រជាជាតិមីម៉ាន់ម៉ា កំពុងតែធ្វើដូចកម្ពុជា។ នេះមានន័យថា ប្រទេសទាំង២ នឹងមានទំនាក់ទំនងកាន់តែល្អ ទៅថ្ងៃអនាគត ក្រោមការដឹកនាំ របស់លោកស្រី អ៊ុង សានស៊ូជី ៕

សំនួរ៖ បើធ្វើការប្រៀបធៀប ពលរដ្ឋមីយាន់ម៉ា និងកម្ពុជាមានចំណុចអ្វីខ្លះដូចគ្នា ?
ចម្លើយ៖ ទី១ កាន់ពុទ្ឋសាសនាដូចគ្នា ទី២ធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលដូចគ្នា ទី៣ មីយាន់ម៉ាឆ្លងកាត់ការផ្សះផ្សារជាតិ ទី៤ សេដ្ឋកិច្ច និងទី៥ការអភិវឌ្ឍន៍។ ចំណុចផ្ទុយគ្នា ពលរដ្ឋមីយាន់ម៉ា មានច្រើនជាងយើង គេជាង៥០លាននាក់ ប៉ុន្តែទីក្រុងសេដ្ឋកិច្ច កំពុងរៀបចំ ធ្វើឲ្យងាយស្រួលដល់អន្តរជាតិ និងឯកជនក្នុងការបណ្តាក់ទុក ក្រោយពីការផ្សះផ្សារ ៕

សំណួរ៖ មួយវិញទៀត វិស័យនយោបាយ តើកម្ពុជាអាចមានការផ្លាស់ប្តូរ​ ដូចមីយាន់ម៉ាទេ ?
ចម្លើយ៖ ចំពោះអ្នកនយោបាយ ដែលតែងតែប្រឆាំង ឬអ្នកវិភាគស្ទើរភ្លើង តែងថា ឲ្យកម្ពុជារៀនពីមីយាន់ម៉ា តែការពិតមីយាន់ម៉ាទេរៀនពីកម្ពុជា ដូចជា សេដ្ឋកិច្ច កំណែទំរង់រដ្ឋបាល និងអភិវឌ្ឍន៍ជាដើម ។ ដូចនេះ អ្នកដែលនាំគ្នា និយាយកម្ពុជាឲ្យរៀនពីមីយាន់ម៉ា នេះជាគំនិតអាក្រក់ ព្រោះកម្ពុជា បានដើរជាគំរូទៅកាន់មីយាន់ម៉ា ហើយពិភពលោកក៏ទទួលស្គាល់ ដូចជា ការផ្សះផ្សារជាតិ តាមរយៈនយោបាយឈ្នះៗ របស់សម្តេច ដែលប្រទេសមួយចំនួន ក៏យកគំរូតាម។ នេះបានគេហៅថា នោះជាការវិភាគស្ទើរភ្លើង បានប្រាប់ឲ្យពលរដ្ឋខ្មែររៀនពីមីយាន់ម៉ា នោះជារឿងមួយគួរឲ្យអស់សំណើច៕

សំណួរ៖ ក្នុងដំណើរទស្សនកិច្ចលើកទី១ របស់លោក ធិន ច ប្រធានាធិបតីមីយាន់ម៉ានេះ តើប្រទេសទាំង២ អាចមានសារសំងាត់អ្វីទេ ?
ចម្លើយ៖ មិនបានដឹងពីបំណងបន្ថែម ពីការមកទស្សនកិច្ចផ្លូវ រដ្ឋនេះទេ ហើយបើលើកនេះ គ្មានអ្វីចុះហត្ថលេខារូមគ្នាក៏ដោយ តែកម្ពុជាក៏ជាអ្នកបង្រៀនមីយាន់ម៉ា។ ជំនួបសម្តេចតេជោហ៊ុនសែន លើកនេះ ជាការជូនដំណឹងល្អ នៃការចុះអនុសារណៈ​ នាពេលក្រោយ ។

សំណួរ៖ ហេតុអ្វីបានមីយាន់ម៉ា ជ្រើសរើសយកកម្ពុជា មកទស្សនកិច្ចមុនគេ នៅក្នុងតំបន់អាស៊ាន ក្រោយការរៀបចំ រដ្ឋាភិបាលថ្មីឯកឧត្តម ?
ចម្លើយ៖ ទី១ ការរៀបចំគណៈរដ្ឋមន្រ្តីកម្ពុជា បានល្អ នេះជាការចាប់ផ្តើមបង្ហាញខ្លួន ដល់អន្តរជាតិ និងទៅកាន់តំបន់អាស៊ាន ។
នេះគេឲ្យតម្លៃខ្ពស់មកកាន់កម្ពុជា ក្រោយពីសម្តេចធ្វើយុទ្ឋនាការ គាំទ្រប្រទេសនេះ ឲ្យចូលជាសមាជិកអាស៊ាន ។ សូមបញ្ជាក់ថា ភូមា ជាឈ្មោះប្រទេសអង់គ្លេសដាក់ឲ្យ ហើយការធ្វើបដិវត្តន៍ របស់រដ្ឋាភិបាល ក៏ប្តូរមកកាន់ប្រទេសមីយាន់ម៉ា វិញ ដូនេះយើងគួរហៅមីយាន់ម៉ាវិញ ព្រោះនេះជាឈ្មោះផ្លូវការ អន្តរជាតិ ។

ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច បានធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិ កម្ពុជា កាលពីព្រឹកថ្ងៃទី៣ខែកុម្ភៈ ក្នុងដំណើរទស្សនៈកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ តបតាមការអញ្ជើញពីព្រះមហាក្សត្រកម្ពុជា។  បន្ទាប់ពីមកដល់កម្ពុជា  នារសៀលម៉ោង២ថ្ងៃទី៣កុម្ភៈ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច បានចូលគាល់ព្រះមហាក្សត្រនៅព្រះបរមរាជវាំង។ក្រោយចាកចេញពីព្រះបរមរាជវាំង លោក ធិន ច ក៏អញ្ជើញទៅគោរពរូបសំណាកព្រះបរមរតនកោដ្ឋ នាវេលាម៉ោង៣រសៀល ​​​។
​​
ដោយឡែក នៅព្រឹកថ្ងៃទី៤កុម្ភៈនេះ លោក ធិន ច ក៏បានជួបពិភាក្សាទ្វេភាគី ជាមួយសម្តេចតេជោហ៊ុនសែន នៅវិមានសន្តិភាព ។ ក្រោយពីបានចាកចេញពីវិមាន សន្តិភាព លោក ធិន ច ក៏បានចូលទស្សនាវត្តភ្នំ មុននឹងបន្តដំណើរទៅកំសាន្ត នៅឯខេត្តសៀមរាប​ ។ លោក ធិន ច ធ្វើដំណើរមកទស្សនកិច្ចកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦កុម្ភៈឆ្នាំ២០១៧នេះ ។

សូមជំរាបថា គណបក្សរបស់លោក ធិន ច ទើបឡើងកាន់តំណែង កាលពីកំឡុងឆ្នាំ២០១៦កន្លងមក បន្ទាប់ពីតស៊ូរហូតដល់ ឈ្នះការបោះឆ្នោត និងការព្រមប្រគល់អំណាច ពីគណបក្សលោក ថេន សេន ដែលកាន់អំណាចច្រើនឆ្នាំមកហើយ ៕

អត្ថបទៈ គេហទំព័រដើមអំពិល