ឯកឧត្តម សុខ ឥសាន៖ CPP នឹងដាក់ពាក្យធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយទៅរដ្ឋសភា ក្នងពេលឆាប់ៗនេះ


ភ្នំពេញ: គណបក្ស​ប្រជាជន​កម្ពុជា នឹងដាក់​លិខិតស្នើ ធ្វើ​វិសោធន​ច្បាប់ ស្តីពី​គណបក្សនយោបាយទៅ​រដ្ឋសភា នៅក្នុងពេល​ឆាប់ខាងមុខនេះ គឺ​នៅមុន​ពេលដែល រដ្ឋសភា​ចូល​កង​វិញ នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៧ ខាងមុខនេះ​។​

ឯកឧត្តម ​សុខ ឥសាន អ្នកនាំពាក្យគណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ថា កំពុងតែ​ប្រមូល​ហត្ថលេខី តំណាងរាស្ត្រឲ្យ​បាន​គ្រប់​ចំនួន លើសពី៣០រូប គឺ​ធ្វើ​ឲ្យ​ត្រូវ​តាម​បែបបទ ក្នុង​ការស្នើ​សេចក្តីព្រាងច្បាប់ ឬមួយ​ក៏​វិសោធនកម្ម​ច្បាប់ ត្រូវការ​សម្លេង​យ៉ាងតិច ១​ភាគ​៤ ។ ក្រុមអ្នកច្បាប់ កំពុងតែ​សិក្សាពិនិត្យ ដើម្បី​ធ្វើ​ម៉េចឲ្យ​បាន​ស្របទៅតាម​សំណូមពរ នៃ​សភាពការណ៍​ថ្មី បច្ចុប្បន្ននេះ ហើយ​និង​ស្របតាម​នីតិវិធី នៃ​សេចក្តីស្នើច្បាប់ ដើម្បី​ដាក់ជូន​គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា​ពិនិត្យ​។  លោក​បាន​បញ្ជាក់ថា ការដាក់​ល​លិខិតស្នើ គឺ​នឹង​អាច​ឆាប់ៗ​ខាងមុខនេះ​។​

​ទាក់ទង​ការស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្តីពី​គណបក្សនយោបាយ អ្នកនាំពាក្យគណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា  “​យើង​ធ្វើការ​មិនមែន បំពេញចិត្ត​អ្នកប្រឆាំង អ្នកវិភាគ​អី​ទេ យើង​បំពេញចិត្ត ប្រជាពលរដ្ឋ​ថា យើង​ធ្វើ​ម៉េច​ឲ្យ​ត្រឹមត្រូវ តាម​តួនាទី​ភារកិច្ច របស់​តំណាងរាស្ត្រ​ក៏ដូចជា​រដ្ឋសភា​។ យើង​ដឹង​ហើយ​ថា ច្បាប់​ស្តីពី​គណបក្សនយោបាយ វា​មាន​តាំងពី​ឆ្នាំ​១៩៩៧ រហូតមកដល់​ពេលនេះ វា ២០ ឆ្នាំ អីចឹង​ទេ ច្បាប់​នេះ​គេ​ហៅថា ហួស​សម័យ អីចឹង​ទេ យើង​ត្រូវធ្វើ​វិសោធនកម្ម ដើម្បី​ធ្វើ​ម៉េច​ឲ្យ​វា​ស្រប តាម​សភាពការណ៍​ថ្មី​”​។​

​ឯកឧត្តម ​សុខ ឥសាន បាន​លើកឡើងថា ខ្លឹមសារ​ពិត នៃ​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការបោះឆ្នោត តាម​ប្រព័ន្ធ​សមាមាត្រ នៅក្នុង​ប្រទេស មាន​បក្ស​ច្រើន ប្រកួតប្រជែង​គ្នា ខាង​នយោបាយ​។ ការបោះឆ្នោត អនុវត្តតាម​ប្រព័ន្ធ សមាមាត្រ ដោយ​គណបក្ស ជា​តួឯក​សំរាប់ ឲ្យ​ប្រជាពលរដ្ឋ បោះឆ្នោត​គាំទ្រ ឬ​មិន​គាំទ្រ​។ គណបក្ស​ណា​ឈ្នះឆ្នោត លើសពី​សម្លេង ៥០ ភាគរយ មាន​សិទ្ធិ​ពេញលេញ បង្កើត​រាជរដ្ឋាភិបាល ដោយ​ឯកឯង​។ ក្នុងករណី​គ្មាន​គណបក្ស​ណា ទទួលបាន​សម្លេង លើស ៥០ ភាគរយ​ទេ គណបក្ស ដែលមាន​សម្លេង​ច្រើនជាងគេ អាច​សហការ​ជាមួយ គណបក្ស​ដទៃទៀត ដែលមាន​សម្លេង​តិចជាង​មួយ ឬ​ពីរ ដើម្បី​បង្កើតជា រាជរដ្ឋាភិបាល​។ គណបក្ស ដែលមាន​សម្លេង​ភាគច្រើន លើស​៥០​ភាគរយ មាន​សិទ្ធិ​ដឹកនាំ ផ្តាច់មុខ ចំពោះ​ប្រទេសជាតិ តាម​កម្មវិធី​នយោបាយ របស់ខ្លួន ដែល​បាន​ប្រកាសជូន ប្រជាជន​រួចហើយ នៅក្នុង​យុទ្ធនាការ ឃោសនាបោះឆ្នោត ហើយ​ត្រូវបាន​ប្រជាជន​គាំទ្រ​។ គណបក្ស​ឈ្នះឆ្នោត មិន​យក​កម្មវិធី នយោបាយ​របស់​គណបក្ស​ចាញ់ឆ្នោត ឬ អនុសា​ស​ន៏​ផ្សេងៗ របស់​គណៈបក្ស​ចាញ់ឆ្នោត មក​ប្រើ​ទេ ។​

​លោក​បាន​បញ្ជាក់ថា គណបក្ស​ចាញ់ឆ្នោត គ្មាន​សិទ្ធិ​ដាក់​លក្ខខណ្ឌ ឬ ចាប់បង្ខំ​គណបក្ស​ឈ្នះឆ្នោត ឲ្យ​ធ្វើតាម​ខ្លួន​ឡើយ ពីព្រោះ​កម្មវិធី​នយោបាយ និង​គំនិត​ស្មារតី​របស់ គណបក្ស​ចាញ់ឆ្នោត ត្រូវបាន​ប្រជាជន បដិសេធ​ទៅហើយ ។ ប៉ុន្តែ​ជា​សីលធម៌​នយោបាយ គ​បក្ស​ឈ្នះឆ្នោត ក្នុងករណី​ណាមួយ អាច​ពិនិត្យ ឬ មិន​ពិនិត្យ លើ​អនុសាសន៍​មួយចំនួន របស់​គណបក្ស​ចាញ់ឆ្នោត​។ នៅពេល​ប្រតិបត្តិការ ការងារ​ដឹកនាំ ដោយ​គណបក្ស​ឈ្នះឆ្នោត គណបក្ស​ចាញ់ឆ្នោត អាចមាន​សិទ្ធិ រួម​យោបល់ ក្នុងន័យ​ស្ថាបនា ដល់​ប្រតិបត្តិ​ករ របស់​គណបក្ស​ឈ្នះឆ្នោត តែ​មិនមែនជា​ការចាប់​បង្ខំ ឬ​ដាក់​កំហិត​ទេ​។ រាល់​លទ្ធផល​ការងារ របស់​គណបក្ស ដែល​ដឹកនាំ​រាជរដ្ឋាភិបាល គឺជា​ការទទួលខុសត្រូវ របស់​គណបក្ស​ឈ្នះឆ្នោត ដែល​អាចជា​ម៉ែត្រ​វាស់ សំរាប់​ប្រជាពលរដ្ឋ សន្និដ្ឋាន​វាយតម្លៃ និង​សំរេចចិត្ត ក្នុងការ​បោះឆ្នោត នៅ​អាណត្តិ​ក្រោយ​។​