បន្ទាយមានជ័យ: ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ និងលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ បានដោះស្រាយបន្ទាន់ នូវសំណើធំៗ យ៉ាងហោច ៤ របស់ពលរដ្ឋ លោកគ្រូ អ្នកគ្រូ នៅសហគមន៍ ភូមិអូរកេស ឃុំទួលពង្រ និងនៅភូមិ-ឃុំតាគង់ ស្រុកម៉ាឡៃ ។
ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រុមការងា បានចុះទៅពិនិត្យផ្ទាល់ដោយ បានជួបសំណេះសំណាល និងដោះស្រាយបញ្ហារបស់ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា ភូមិអូរកេស ឃុំទួលពង្រ ស្រុកម៉ាឡៃ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧។
ដោយពិនិត្យឃើញនូវស្ថានភាព លំបាកជាក់ស្តែងមែន ហើយសំណូមពរ របស់ប្រជាពលរដ្ឋ និងលោកគ្រូ សិស្សទាំងនោះ ពិតជាបម្រើសេចក្តីត្រូវការ បម្រើជីវភាព បម្រើសេចក្តីសុខទុក្ខបងប្អូន ដូចដែលគោលនយោបាយ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនោះ លោក សួន បវរ បានផ្តល់ការដោះស្រាយបញ្ហានេះបន្ទាន់មួយ ចំនួនរួមមាន៖
១- ផ្តល់ការសាងសង់អគារសិក្សា ១ខ្នង ស្មើ៦បន្ទប់ ធ្វើពីបេតុង ប្រក់ក្បឿង ជាអំណោយដ៍ថ្លៃថ្លារបស់ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជំនួសអគារសិក្សាតូច សង់ពីឈើ ចាស់ទ្រុឌទ្រោម ធ្លុះធ្លាយ ខូចខាតធ្ងន់ធ្ងរ របស់សាលារៀនបឋមសិក្សាអូរកេស នេះ។
២.ជួយសាងសង់ផ្ទះគ្រូ ១ ខ្នង ស្មើ ៣បន្ទប់ នៅអនុវិទ្យាល័យ តាគង់ ឃុំតាគង់ ជាអំណោយផ្ទាល់របស់ លោក សួន បវរ ។
៣. ជួយជួសជុល ផ្លូវលំក្រាលក្រួស ១ខ្សែ ប្រវែង ៣.០០០ម៉ែត្រ នៅក្នុងភូមិអូរកេស សម្រាប់សម្រួលការធ្វើដំណើរ ដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។
៤.បានផ្តល់ម៉ាស៊ីនបូមទឹក១គ្រឿងដល់សាលារៀនអូរកេស។
ខណ:ចុះផ្ទាល់នោះ អភិបាលខេត្ត បានឧបត្ថម្ភជាអំណោយ ដល់ប្រជាពលរដ្ឋ ចូលរួមទទួល និងស្តាប់លោក ចំនួន១៦៣ នាក់ ក្នុង១នាក់ សារុង លោកគ្រូ អ្នកគ្រូអូកេស ៤នាក់ ក្នុង១នាក់ សារុង១ ថវិកា ២ ម៉ឺនរៀល សិស្សានុសិស្ស ១១៥ នាក់ ក្នុង១នាក់ ទទួលបានប៊ិច ២ដើម សៀវភៅ៥ក្បាល ថវិកា ២ ពាន់រៀល ប្រជាពលរដ្ឋក្រីក្រ ១២នាក់ ក្នុង១នាក់ ថវិកា ៥ ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគ មួយចំនួន លោកគ្រូ អ្នកគ្រូ ចូលរួម ១៩នាក់ និងប្រជាការពារក្នុង១នាក់ សារុង១ ៕