ភ្នំពេញ៖ លោក Gan Weiming ទេសាភិបាលប្រតិបត្តិរបស់ក្រុមហ៊ុននេសាទសមុទ្រចិន(China Ocean Fishing Holding Limited) បានអះអាងថា ក្រុមហ៊ុនរបស់លោក គ្រោងដាក់ទុន ប្រមាណ១០០លានដុល្លារក្នុងជំហានដំបូងសម្រាប់ការវិនិយោគលើវិស័យចិញ្ចឹមត្រីក្នុងទឹកសាប និងទឹកសមុទ្រនៅក្នុងប្រទេសកម្ពុជា។
លោក Gan Weiming អះអាងបែបនេះធ្វើឡើងក្នុងពិធីចុះ អនុស្សារណយោគយល់គ្នា(MoU) ធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ រវាងក្រុមហ៊ុននេសាទសមុទ្រចិន និងឯកឧត្តម វេង សាខន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទកាលពី ដើមសប្តាហ៏នេះ ។
លោក Gan Weiming ទេសាភិបាលប្រតិបត្តិរបស់ក្រុមហ៊ុននេសាទសមុទ្រចិន(China Ocean Fishing Holding Limited) ដែលសហការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន Khmer Holding Group បានថ្លែងថា ទុនគិតជាទឹកប្រាក់១០០លានដុល្លារ ត្រូវបែងចែកការវិនិយោគជា៣ដំណាក់កាល ដោយដំណាក់ទី១ វិនិយោគក្នុងទឹកប្រាក់១០លានដុល្លារ ដំណាក់ទី២ ចំនួន៣០លានដុល្លារ និងដំណាក់ទី៣ ចំនួន៦០លានដុល្លារ។សម្រាប់ការវិនិយោគលើវិស័យចិញ្ចឹមត្រីក្នុងទឹកសាប និងទឹកសមុទ្រនៅក្នុងប្រទេសកម្ពុជា។លោក Gan បញ្ជាក់ថា «គម្រោងវិនិយោគលើវិស័យចិញ្ចឹមត្រីក្នុងទឹកសាប និងទឹកសមុទ្រនេះ គឺក្នុងគោលបំណងផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញ»។ លោកបន្តថា នៅជំហានដំបូង ក្រុមហ៊ុននឹងបង្កើតតំបន់សាកល្បងចិញ្ចឹមត្រីឌីឡាបយ៉ា ក្នុងផ្ទៃស្រះទំហំ២០០ហិកតា នៃគម្រោងវិនិយោគលើផ្ទៃស្រះជាង២.០០០ហិកតា។
ឯកឧត្តម វេង សាខន បានជំរុញឲ្យភាគីក្រុមហ៊ុនអនុវត្តគម្រោងវិនិយោគនេះឲ្យបានលឿន បន្ទាប់ពីទទួលបានសិទ្ធិវិនិយោគ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា «នេះជាទិសដៅរួមរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនការផលិតកម្មផលនេសាទ ជាពិសេសលើវារីវប្បកម្មដែលជាសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាជាចាំបាច់ពីមួយឆ្នាំទៅមួយឆ្នាំ»។ ឯកឧត្តមបានឲ្យដឹងថា ក្នុង១ឆ្នាំៗកម្ពុជាបាននាំចូលត្រីពីប្រទេសជិតខាងចន្លោះពី៥០លាន រហូត១០០លានតោន ដើម្បីបំពេញតម្រូវការក្នុងស្រុក បើទោះជាប្រទេសកម្ពុជាត្រូវបានអះអាងថា សម្បូរដោយភោគផលធម្មជាតិក្នុងវិស័យជលផល។ « កន្លងទៅ ក៏យើងមានការប្រឹងប្រែងដែរជាមួយនឹងដៃគូអភិវឌ្ឍន៍ ប៉ុន្តែវាមិនអាចមានសន្ទុះឡើយ ដោយសារមធ្យោបាយផលិតរបស់យើងត្រូវការចំណាយទុនច្រើន ហើយវត្ថុធាតុដើមនាំចូលពីក្រៅមកផលិតចំណីត្រីធ្វើឲ្យយើងខាត ហើយធ្វើការប្រកួតប្រជែងជាមួយគេមិនឈ្នះប្រទេសជិតខាង»។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៦ កម្ពុជាបានប្រមូលផលនេសាទទឹកសាបបានសរុប៥០៨.៨៥០តោន និងផលនេសាទសមុទ្រចំនួន១២០.៦០០តោន។ លើការកែច្នៃផលនេសាទទឹកសាប សម្រេចបាន៧០.២០០តោន និងផលនេសាទ សមុទ្រចំនួន១០.៥២៥តោន។ ដោយឡែក ការនាំចេញផលនេសាទស្រស់គិតទាំងទឹកសាប និងទឹក ប្រៃ សម្រេចបានក្នុងបរិមាណ៩.១០០តោន កើនឡើង១.៤០០តោន បើធៀបនឹងការនាំចេញកាលពី ឆ្នាំ២០១៥។ ចំណែកផលនេសាទដែលត្រូវបានកែច្នៃរួច ត្រូវបាននាំចេញក្នុងបរិមាណ៥.២០០តោន ថយចុះ៣០០តោន បើធៀបនឹងការនាំចេញកាលពីឆ្នាំ២០១៥៕