ភ្នំពេញ៖ ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ នឹងចូលមកដល់នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ក្នុងនោះគណបក្សនយោបាយដែលគ្រោងចូលរួមប្រកួតប្រជែង ក៏បានសម្រិតសម្រាំងគោលនយោបាយរបស់ខ្លួនផងដែរ ដើម្បីទាក់ទាញការគាំទ្រពីមហាជន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ហើយក្នុងនោះគណបក្សប្រជាជនកម្ពុជាក៏បានបង្ហាញពីគោលនយោបាយរបស់ខ្លួនផងដែរ ដែលមាន១៣ចំណុច។
គោលនយោបាយទាំង១៣ចំណុចរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ២០១៧ ផ្តោតលើការអភិវឌ្ឍមូលដ្ឋានរួមមាន ទី១– ឃុំសង្កាត់ទទួលបានធនធានហិរញ្ញវត្ថុមិនតិចជាង២,៨ ភាគរយនៃចំណូលចរន្តថវិកាជាតិប្រចាំឆ្នាំហើយ អត្រានេះ នឹងត្រូវបង្កើនបន្ថែមទៀត ដើម្បីលើកកម្ពស់ ការអភិវឌ្ឍឃុំសង្កាត់ ទី២-ប្រជាកសិករ ទទួលបានការគាំទ្រពីរដ្ឋ ដើម្បីធានាការបង្កើនផលិតកម្ម និងការរកទីផ្សារសម្រាប់លក់កសិផល ដោយមានតម្លៃសមរម្យ ទី៣-ខិតខំកាត់បន្ថយអត្រាការប្រាក់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ឲ្យស្ថិតក្នុងកម្រិតសមរម្យ និងពង្រឹងកិច្ចការងារប្រជាជនក្រីក្រដែលជាអ្នកខ្ចីប្រាក់ពីស្ថាប័ន មីក្រូហិរញ្ញវត្ថុ។ ទី៤-ប្រជាជនគ្មានដី ឬខ្វះដី នឹងទទួលបានដីសម្រាប់សង់លំនៅដ្ឋាន និងបង្កបង្កើនផលតាមរយៈការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ទី៥-ផ្តល់ជូនប្រជាជនដោយឥតគិតថ្លៃនូវសេវាចុះ បញ្ជីកំណើត ចុះបញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទី៦-ប្រជាជនគ្រប់រូបទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺកាន់តែល្អប្រសើរតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យរបស់រដ្ឋ។ ប្រជាជនក្រីក្រ និងអ្នកខ្វះលទ្ធភាពទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺ ដោយឥតបង់ថ្លៃនៅតាមមណ្ឌលសុខភាព និងតាមមន្ទីរពេទ្យរបស់រដ្ឋ ទី៧-ឃុំ-សង្កាត់នីមួយៗមានអនុវិទ្យាល័យមួយយ៉ាងតិច ក្រុង ស្រុកខណ្ឌនីមួយៗ មានវិទ្យាល័យមួយ យ៉ាងតិច និងមានសាលាបឋមសិក្សាច្រើនពង្រាយតាមភូមិ ដើម្បីឲ្យកុមារ និងយុវជនបានរៀនសូត្រគ្រប់ៗគ្នា។
ទី៨-អភិវឌ្ឍប្រព័ន្ធទឹកស្រោចស្រពដំណាំ និងទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅ នៅគ្រប់ឃុំ សង្កាត់ ទី៩-តបណ្តាញអគ្គិសនីដល់គ្រប់ភូមិ និងមានតម្លៃថោក គឺ៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់អ្នកប្រើមិនលើសពី៥០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ និង៤៨០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងសម្រាប់អ្នកលើសពី១០គីឡូវ៉ាត់ម៉ោង ក្នុងមួយខែ និងសហគមន៍កសិករប្រើប្រាស់ពេលយប់សម្រាប់បូមទឹកបង្កបង្កើនផល ទី១០-តភ្ជាប់ផ្លូវគមនាគមន៍ពីទីប្រជុំជនទៅគ្រប់ភូមិ ព្រមទាំងកែលម្អផ្លូវលំជនបទពីផ្លូវដីទៅជាផ្លូវកៅស៊ូ ឬផ្លូវបេតុង ទី១១-កសាងឃុំ សង្កាត់នៅជាប់ព្រំដែនជាមួយប្រ ទេសជិតខាង ជាឃុំ សង្កាត់ប្រកបដោយសន្តិភាព និងការអភិវឌ្ឍប្រជាជនរស់នៅទាំងសងខាងព្រំដែនចំណងមិត្តភាព និងសហប្រតិបត្តិការល្អ។
ទី១២-អាជីវករលក់ដូរតាមផ្សារដែលស្ថិតលើទីតាំងដីរបស់រដ្ឋ អាចផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលទៅកូនចៅ ឬអ្នកដទៃបាន ដោយមិនមានកំណត់អាណត្តិ ទី១៣-ឃុំ-សង្កាត់មានសុវត្ថិភាពកាន់តែល្អប្រសើរ តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំ មាន សុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាព ដោយចាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ព្រមទាំងលើកទឹកចិត្ត ដល់អង្គភាពអ្នកពាក់ព័ន្ធ ដែលមានស្នាដៃល្អ និងអនុវត្តវិធានការវិន័យចំពោះសមត្ថកិច្ចដែលអសកម្ម ឬខុសឆ្គង.
ទាក់ទងបញ្ហានេះ ឯកឧត្តម ឈឹម ផលវរុណ មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងថា គោលនយោបាយទាំង១៣ចំណុចរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ២០១៧ នេះត្រូវបានអនុម័ត ដោយផ្អែកទៅលើសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤០ អាណត្តិទី៥ នៅពីថ្ងៃទី១៧–១៨ ខែធ្នូ ឆ្នាំ២០១៦៕