ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសឲ្យសហគ្រាសនិងគ្រឹះស្ថានទាំងអស់ ត្រូវបើកប្រាក់ឈ្នួលពាក់កណ្ដាល គិតទាំងប្រាក់បន្ទាប់បន្សំផង ចំពោះកម្មករនិយោជិតជាស្ដ្រី ក្នុងអំឡុងពេលសម្រាកសម្រាលកូន និងត្រូវមានសិទ្ធិឈប់សម្រាកយ៉ាងតិចរយៈពេល៩០ថ្ងៃ។
បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចេញផ្សាយកាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧បានឲ្យដឹងថា យោងតាមមាត្រា១៨២និង១៨៣នៃច្បាប់ស្តីពីការងារកម្មករនិយោជិតជាស្ដ្រី ត្រូវមានសិទ្ធិឈប់សម្រាប៩០ថ្ងៃ ដើម្បីសម្រាលកូន ហើយកម្មករនិយោជិតជាស្ដ្រី ដែលធ្វើការក្នុងសហគ្រាសគ្រឹះស្ថានបានយ៉ាងតិច១ឆ្នាំរៀងមក មានសិទ្ធិត្រូវបានប្រាក់ឈ្នួលពាក់កណ្ដាល គិតទាំងប្រាក់បន្ទាប់បន្សំផង ក្នុងរយៈពេលនៃការឈប់សម្រាកនេះ។
សេចក្តីជូនដំណឹងខាងលើបានបន្តថា បន្ថែមលើសពីនេះកម្មករនិយោជិតនៅតាមគ្រឹះស្ថានដែលជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសង្គមទទួលបានប្រាក់បំណាច់ប្រចាំខែដូចមានចែងនៅក្នុងប្រកាសលេខ១០៩ក.ប/ប្រ.កចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីតាវលិកថែទាំសុខភាព។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈសង្ឃឹមយ៉ាងមុតមាំថា កម្មករនិយោជិតម្ចាស់ នាយកសហគ្រាស គ្រឹះស្ថានទាំងអស់នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕