ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ គាំទ្រឱ្យសមាគមចម្ការកៅស៊ូវៀតណាម ដែលមានកៅស៊ូរាប់ម៉ឺនហិកតានៅកម្ពុជារើសកម្មកររាប់ម៉ឺននាក់ទៅបម្រើការភ្លាមៗ


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសំដែងនូវការពេញចិត្តនឹងគាំទ្រយ៉ាងខ្លាំងចំពោះការចូលរួមក្នុងការបណ្តាក់ទុនវិនិយោគរបស់វៀតណាមលើគ្រប់វិស័យ នៅកម្ពុជា ជាពិសេសទៅលើវិស័យកសិកម្ម ដូចជាដំណាំកៅស៊ូជាដើម។ ថ្លែងក្នុងជំនួបជាមួយគណៈប្រតិភូវៀតណាមដែលដឹកនាំដោយលោកឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមចំការកៅស៊ូវៀតណាមប្រចាំកម្ពុជា អមដោយក្លឹបអ្នកធុរកិច្ចវៀតណាមប្រចាំកម្ពុជា ធនាគារកសិកម្មវៀតណាម (AGRI Bank) តំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជា សម្ពន្ធក្រុមហ៊ុនថាឌីវៀតណាម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។

ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការចូលរួម របស់អ្នកធុរកិច្ច និងវិនិយោគិនវៀតណាម ដែលនៅតែបន្តការបណ្តាក់ទុន និងផ្តល់ឱកាសការងារជូនបងប្អូន កម្មករនិយោជិតកម្ពុជា បើទោះជាប្រទេសយើងទាំងពីរកំពុងប្រឈមនឹងជំងឺកូវិដ១៩ ក៏ដោយ។

តំណាងអោយសម្ព័ន្ធក្រុមហ៊ុនវៀតណាមដ៏ធំនៅកម្ពុជា លោកឧកញ៉ា ឡេង ឫទ្ធី បានសំដែងនូវការថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី និងមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានជួយសម្រួល និងគាំទ្រដល់ការធ្វើអាជីវកម្ម ពាណិជ្ជកម្ម និងវិនិយោគរបស់វៀតណាមនៅកម្ពុជា។ នាឱកាសនោះ លោកឧកញ៉ា ឡេង ឫទ្ធី បានលើកឡើងថា បច្ចុប្បន្ន សម្ពន្ធឧស្សាហកម្មកៅស៊ូ សម្ពន្ធថាឌី វៀតណាម និងក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមនៅកម្ពុជា ដែលជាដៃគូមានចម្ការកៅស៊ូប្រមាណជាង ២ម៉ឺនហិកតា នៅខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ដែលកំពុងមានតម្រូវការកម្លាំងពលកម្ម ឆ្នាំ២០២០-២០២១ មានជាង១សែន៥ពាន់នាក់ ហើយសម្រាប់ការងារបន្ទាន់ក្រុមហ៊ុនត្រូវការកម្លាំងពលកម្មភ្លាមៗប្រមាណ ៩០០០នាក់។

លោកថាបច្ចុប្បន្ន អ្នកដែលធ្វើការក្នុងចម្ការកៅស៊ូទាំងនោះ ទទួលបានប្រាក់ឈ្នួលទាបបំផុត ៨០ម៉ឺនរៀល សម្រាប់អ្នកជៀជ័រអាចរកចំណូលបានចាប់ពី ១លានរៀល ទៅ ១លាន៥សែនរៀល ហើយបងប្អូនកម្មករមានកន្លែងស្នាក់នៅសមរម្យ មិនបាច់ចំណាយថ្លៃទឹក និងថ្លៃភ្លើង។

ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញក្ដីរីករាយយ៉ាងខ្លាំងចំពោះការលើកឡើង និងសំណើរបស់ភាគីវៀតណាម ដោយបានណែនាំឱ្យក្រុមហ៊ុនធ្វើការសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីចុះទៅផ្សព្វផ្សាយ និងជ្រើសរើសកម្លាំងពលកម្មទៅតាមមូលដ្ឋាន ឬកម្លាំងពលកម្មដែលបងប្អូនយើងបាត់បង់ការងារដោយសារតែសហគ្រាស គ្រឹះស្ថានរបស់ខ្លួនមិនអាចដំណើរការងារបានដោយបញ្ហាជំងឺកូវិដ១៩ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីកម្លាំងពលកម្មដែលកម្ពុជាមានបច្ចុប្បន្ន សរុបទាំងអស់ប្រមាណជិត​ ១០លាននាក់ ក្នុងនោះវិស័យកសិកម្មមាន ៤លាននាក់ វិស័យឧស្សាហកម្ម និងសិប្បកម្មមាន ១.៥លាននាក់ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធមាន ២.៤លាននាក់ ពលករទៅធ្វើការនៅក្រៅប្រទេសមាន ១.២លាននាក់ និងមន្ត្រីរាជការមាន ៥សែននាក់ ដែលទាំងនេះជាប្រភពដែលយើងអាចចល័តកម្លាំងពលកម្មទៅតាមតម្រូវការនៃវិស័យ។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ខាងសមាគមធ្វើការសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលមានមជ្ឈមណ្ឌលការងារចំនួន ១២ខេត្ត រួមនឹងមណ្ឌលការងារការងារចល័តផងដែរនោះចុះទៅធ្វើការផ្សព្វផ្សាយផ្ទាល់តែម្តងដល់មូលដ្ឋានតាមបណ្តាខេត្តនានា ដោយធ្វើការសហការជាមួយអាជ្ញាធរខេត្ត អញ្ជើញប្រជាពលរដ្ឋអោយចូលរួមចុះឈ្មោះតែម្តង។

ទន្ទឹមនោះឯកឧត្តមរដ្ឋមន្រ្តី ក៏បានអោយសមាគមនេះ គិតគូរបន្ថែមទៀតក្នុងការផ្តល់នូវគោលនយោបាយពិសេសដើម្បីផ្តល់ការទាក់ទាញដល់បងប្អូនកម្មករទៅបំរើការងារនៅទីនោះ ទាំងប្រាក់បៀវត្សន៍សមរម្យ អត្ថប្រយោជន៍ផ្សេងៗ កន្លែងស្នាក់នៅ សាលារៀន ផ្សារ សេវាសុខភាព ។ល។