អ្នកនាំពាក្យក្រសួងយុត្ដិធម៌ ៖ លើកឡើងថា ទណ្ឌិតជិត៤០០នាក់ បានស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ក្នុងឱកាសពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ


ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌បានលើកឡើងថា ទណ្ឌិតជិត៤០០នាក់ បានស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ក្នុងឱកាសពិធី​បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ ការលើកឡើងរបស់ ឯកឧត្ដម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌នេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិ ដើម្បី​ពិនិត្យ​លើសំណើសុំអនុគ្រោះទោសដល់ទណ្ឌិតសរុប ៣៩៩ នាក់ (ស្រី ៤៣ នាក់) ក្នុងឱកាស​ពិធី​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមសំណើពីគណៈកម្មការរាជធានី-ខេត្តចំនួន២២​(ពន្ធនា​​គារ២២) និងពីគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែចំនួន៤) កាលពីថ្ងៃ​ទី១៩ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ ដោយមានការ​អញ្ជើញចូលរួមពី ឯកឧត្ដម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈ​កម្មាការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីរឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស។

ឯកឧត្ដម គឹម សន្តិភាព បានគូសបញ្ជាក់ថា ទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស​សម្រាប់​ពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ​មានទណ្ឌិតដែលស្នើសុំនោះមានប្រភេទបទល្មើស​ច្រើន ក្នុងនោះក៏មានបទល្មើសគ្រឿង​ញៀនផងដែរ។ ប៉ុន្តែសម្រាប់ការពិនិត្យរបស់​គណៈកម្មា​ធិ​ការជាតិបន្ធូរបន្ថយ និងលើកលែងទោស មិនយកបទល្មើសគ្រឿងញៀនក្នុង ការផ្តល់ការ​អនុគ្រោះ ឬលើកលែងទោសនោះទេ ហើយ បទល្មើសដែលមាន​ភាពសាហាវយង់ឃ្នងព្រៃផ្សៃ​ក៏មិនយកការពិនិត្យនោះដែរ។ ឯកឧត្ដមបានបន្ដថា សម្រាប់ការផ្តល់អនុគ្រោះ និងលើកលែង​ទោសនោះបានផ្តល់ទៅលើទណ្ឌិតដែលបានប្រព្រឹត្តបទល្មើសដែលស្រាល និងប្រភេទ​ទណ្ឌិត​ដែលអនុវត្តន៍ទោសបានប្រព្រឹត្តបានត្រឹមត្រូវតាមច្បាប់កំណត់ហើយសល់រយៈពេលខ្លី ឬក៏ទណ្ឌិតដែលមានភាពចាស់ជរា ឬមានជំងឺរ៉ាំរ៉ៃ ឬពិការភាព។

ឯកឧត្ដមរដ្ឋលេខាធិការបានបន្ថែមថា ចំពោះទណ្ឌិតដែលស្នើសុំនោះគណៈកម្មាធិការ​ជាតិ​ពិនិត្យបន្ធូរបន្ថយ និងលើកលែងទោសបានវាយតម្លៃរួចហើយ តែនៅរង់ចាំឯកសារមួយ​ចំនួនដែលត្រូវបំពេញគ្រប់ ទើបផ្សព្វផ្សាយនៅពេលក្រោយ។ ឯកឧត្ដមបានបន្ថែមទៀតថា ការពិនិត្យលើការស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសមិនបានគិតពីទណ្ឌិតមក​ពីបក្ស​នយោបាយណានោះទេគឺថាទណ្ឌិតមកពីណាក៏ពិនិត្យព្រោះអ្នកនោះមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ហើយច្បាប់មិនបានចែងថាទណ្ឌិតមកពីបក្សណានោះទេ។

សូមរម្លឹកផងដែរថា កាលពីអំឡុងពិធីបុណ្យអុំទូក ក្នុងឆ្នាំ២០១៩ កន្លងមក គណៈ​កម្មាធិ​ការជាតិ ពិនិត្យបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ដែល​បានលើកសំណើសុំអនុគ្រោះទោសដល់ទណ្ឌិតសរុប ៥១២ នាក់ (ស្រី ៥៨ នាក់) ជាលទ្ធផល អង្គប្រជុំបានសម្រេចធ្វើសំណើរគោរពជូនប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេចទូល​ថ្វាយព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការផ្តល់ការអនុគ្រោះទោស ដល់​ទណ្ឌិតសរុប ៩០ នាក់ ( ស្រី ១៧ នាក់) ។ ជាមួយគ្នានេះ ចំពោះការបន្ថយទោស៦ ខែ ចំនួន ៥៨ នាក់ (ស្រី ១៣ នាក់) បន្ថយទោស៩ ខែ ចំនួន ១៤ នាក់ (ស្រី ០១ នាក់) បន្ថយទោស១២ខែ ចំនួន ០៨ នាក់ (ស្រី ០១ នាក់) និងលើកលែងទោស ចំនួន ១០ នាក់ ( ស្រី ០២ នាក់ ) ៕