ច្រកព្រំដែនទាំង៣ នៃស្រុកកោះធំ ព្រំដែនកម្ពុជា-វៀតណាម មានសភាពស្ងប់ស្ងាត់ ខណៈទំនិញចេញ-ចូលនៅរក្សាដដែល ក្រោមការពិនិត្យម៉ត់ចត់


(កណ្ដាល)៖ ស្ថានភាពច្រកព្រំដែនជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ជាប់ព្រំដែនជាមួយវៀតណាម មានសភាពស្ងប់ស្ងាត់ បន្ទាប់ពីវៀតណាមបានដាក់បំរាមការចេញចូលតាមច្រកព្រំដែន ប៉ុន្តែការនាំចូល-ចេញទំនិញ នៅតែរក្សាដដែល ប៉ុន្តែស្ថិតក្រោមការត្រួតពិនិត្យ ទៅលើតៃកុងឡាន និងទំនិញយ៉ាងម៉ត់ចត់ជាងមុន។

លោក អេង សុវិចិត្ត អភិបាលស្រុកកោះធំ បានថ្លែងប្រាប់ភ្នាក់ងារពត៌មាន ប្រចាំខេត្តកណ្ដាលនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ថា ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អាជ្ញាធរមានសមត្ថកិច្ច បានសម្របសម្រួល ដល់ជនជាតិវៀតណាម ដែលបានឆ្លងទៅស្រុកគេវិញ ហើយក៏បានផ្ដាំផ្ញើ ដល់ភាគីវៀតណាមផងដែរថា បើសិនជាឃើញ មានករណីជនជាតិខ្មែរ មានករណីមិនស្រួលខ្លួន សូមបញ្ជូនមកកម្ពុជាវិញផង កុំរក្សានៅទឹកដីវៀតណាម រយៈពេល១៤ថ្ងៃ ព្រោះស្រុកកោះធំ បានត្រៀមក្រុមគ្រូពេទ្យជំនាញ ថ្នាំឧបករណ៍ ព្រមទាំងបន្ទប់ដាច់ដោយឡែករួចជាស្រេច ក្នុងការព្យាបាល បើសិនជាមានករណីរកឃើញវីរុស COVID-19 កើតមានលើជនជាតិខ្មែរ ណាម្នាក់ពិតមែន។

លោកសង្កត់ថា គិតមកដល់ថ្ងៃនេះ គ្មានអ្នកស្រុកកោះធំណាម្នាក់ មានផ្ទុកវីរុស COVID-19 នោះទេ ហើយសូមពលរដ្ឋ កុំមានការភ័យស្លន់ស្លោ ខ្លាចជ្រុលពិសេស សូមកុំខ្លាចខ្លាំងពេក ទៅលើជនជាតិខ្មែរ ដែលមកពីប្រទេសម៉ាឡេស៊ី ព្រោះឆ្លងតាមការពិនិត្យកំហាក លោក ឡា ស្លេះ ដែលមកពីម៉ាឡេស៊ី គ្មានផ្ទុកវីរុស COVID-19 ដូចពាក្យបង្អើលនោះឡើយ ហើយសូមកុំរើសអើងពួកគាត់ និងសូមទៅផ្សារ បើកហាង បើកតូប និងលក់ដូរហូបចុកដូចដើមចុះ ប៉ុន្តែក៏កុំភ្លេចរក្សាអនាម័យ និងការពារខ្លួនផងដែរ ឲ្យស្របតាមពាក្យថា «ការពារប្រសើរជាងព្យាបាល»។

ទន្ទឹមនឹងករណីច្រកព្រំដែននេះផងដែរ លោក សែ ជុនទ្រី ប្រធានច្រកព្រំដែនជ្រៃធំ បានប្រាប់ថា យោងតាមស្មារតីថ្នាក់លើ ពិសេសគោរពតាមបទបញ្ជារបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្រុមមន្ត្រីទាំងអស់ បានខិតខំទាំងយប់ទាំងថ្ងៃទៅលើការងារទាំងនេះ ពិសេសផ្ដោតសំខាន់ ទៅលើការនាំចេញនាំចូលទំនិញ ពីកម្ពុជាទៅវៀតណាម ពីវៀតណាមមកកម្ពុជា ដោយមានការពិនិត្យឲ្យបានម៉ត់ចត់ មិនមានការធ្វេសប្រហែសឡើយ។

ទន្ទឹមនឹងករណីនេះ លោក ហ៊ន សុខឌុល ប្រធានក្រុមចត្តឡីស័កច្រកទ្វាជ្រៃធំ បានអះអាងថា ក្រុមការងាររបស់លោក ធ្វើការម៉ត់ចត់លើការងារនេះ ហើយបើសិនជា មានករណីណាមួយសង្ស័យ ក្រុមជំនាញនឹងបញ្ជូនមនុស្ស ទៅមន្ទីរពេទ្យបង្អែកស្រុកភ្លាមៗ យ៉ាងមានសុវត្ថិភាព ។

គួរបញ្ជាក់ថា ខាងភាគីវៀតណាម បានប្រកាសផ្អាកការចេញចូលមនុស្សតាមព្រំដែនទាំងអស់ជាប់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ខណៈកម្ពុជាវិញក៏បានទប់ស្គាត់ការរីករាលដាលវីរុស COVID-19 ក៏បានផ្អាកឲ្យចេញចូលផងដែរ ប៉ុន្តែឬការដោះដូរទំនិញ ការនាំចេញ-នាំចូល ទំនិញរវាងភាគីទាំង២ប្រទេស នៅរក្សាដដែល គ្រាន់តែមានការរឹតបន្តឹងខ្លាំងជាងមុន ដើម្បីសុខសុវត្ថិភាពប្រជាជននៃប្រទេសទាំងទ្វេ។

គួររំលឹកដែរថា បើយោងតាមអភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ដែលបានចុះពិនិត្យទីតាំង នៃមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ នាពេលកន្លងទៅ គឺគ្រប់មន្ទីរ ពេទ្យទាំងអស់ នៅទូទាំងខេត្តកណ្ដាល បានត្រៀមខ្លួនជាស្រេច ចំពោះការឆ្លើយតបនឹងករណីវីរុស COVID-19 នេះ។ បើសិនជាមានករណីជំងឺនេះកើត នោះតាមបណ្ដាមន្ទីរពេទ្យរដ្ឋទាំងអស់ នៃខេត្តកណ្ដាល នឹងព្យាបាលជូនពលរដ្ឋ យ៉ាងយកចិត្តទុកដាក់បំផុត និងសូមមានទំនុកចិត្តខ្ពស់ ចំពោះសុខាភិបាលខេត្តកណ្ដាល នាពេលបច្ចុប្បន្នភាពនេះ។ សម្រាប់ខេត្តកណ្តាល មានអ្នកឆ្លង COVID-19 ម្នាក់ផងដែរ៕