សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិ អំពីការកំណត់យកទីតាំងចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើសារលិខិតជូនជនរួមជាតិជាទីស្នេហា អំពីការកំណត់យកទីតាំចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

ទីតាំងទាំង២កន្លែងសម្តេចតេជោ ហ៊ុន សែន កំណត់យកសម្រាប់សម្រួលដល់ការទទួលជំនួយទាំងឡាយនោះរួមមាន៖

* កន្លែងទី១៖ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានសម្តេចជាប្រធាន ហើយមានអាស័យដ្ឋាននៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទ អ្នកចាំទទួល (តាមប្រកាសរបស់ក្រសួងសុខាភិបាល)។

* កន្លែងទី២៖ គឺខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេង ទៀង នាយករងខុទ្ទកាល័យ (០១២ ៩៦១ ៩៧១) និងមន្ត្រីមួយចំនួនទៀត ជាអ្នករង់ចាំទទួល។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ដោយបានជំនួយដែលនឹងត្រូវបានផ្តល់ រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជានៃយើង»

សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់ជូនរួមជាតិ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនឹងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង តែគំរាមកំហែងទូទាំងពិភពលោកនេះ។

សូមជម្រាបថា ដើម្បីចូលរួមក្នុងការប្រយុទ្ធនឹងជំងឺ Covid-19 ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ ទ្រង់បានសព្វព្រះរាជហឫទ័យ ប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់ សរុបចំនួន៣០ម៉ឺនដុល្លារ សម្រាប់ជួយដល់រាជរដ្ឋាភិបាល ក្នុងការបំពេញតាព្វកិច្ច។ ជាមួយគ្នានេះ ក៏មានសប្បុរសជនជាបន្តបន្ទាប់ បានផ្តល់ជំនួយជាថវិកាមួយចំនួន ដល់រាជរដ្ឋាភិបាលផងដែរ៕