សម្ដេចក្រឡាហោម ស ខេង៖ ក្រសួងមហាផ្ទៃ មិនទាន់ឲ្យផ្អាកការងាររបស់មន្ដ្រីទេ តែត្រូវពិនិត្យសុខភាពតឹងរឹងមុនចូលតាមអង្គភាព


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា ក្រសួងមហាផ្ទៃ មិនទាន់មានការអនុញ្ញាត ឲ្យមានការផ្អាកការងាររបស់មន្ដ្រីនោះទេ តែត្រូវត្រួតពិនិត្យសុខភាពឲ្យបានតឹងរឹងជាងមុនសិន មុនអនុញ្ញាតឲ្យចូលតាមអង្គភាពនីមួយៗ។

បើទោះបីមិនទាន់អនុញ្ញាតឲ្យផ្អាកការងារជាបណ្ដោះអាសន្នក៏ពិតមែន ប៉ុន្ដែសម្តេចក្រឡាហោម ស ខេង បានបន្ថែមទៀតថា ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ណែនាំ ដល់មន្រ្តីទាំងអស់នៅក្នុងក្រសួង ត្រូវធ្វើអនាម័យ និងធ្វើការវាស់កម្តៅ បើរកឃើញមានមន្រ្តីណា មានកម្តៅខុសប្រក្រតី គឺពុំអនុញ្ញាតឲ្យចូលក្នុងក្រសួងទេ។

ការបញ្ជាក់ឲ្យដឹងបែបនេះ របស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងបទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំបន្ទាន់មួយ នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ។

ឆ្លើយតបនឹងសំណួរ ដែលចោទសួរថា មន្ដ្រីរាជការស៊ីវិល នៅក្នុងក្រសួងមហាផ្ទៃ អាចនឹងឲ្យផ្អាកការងារបណ្ដោះអាសន្នដែរឬទេ ពាក់ព័ន្ធនឹងបញ្ហា Covid-19? សម្ដេច ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ដំណើរការកិច្ចការប្រចាំថ្ងៃ របស់មន្ដ្រីគ្រប់អគ្គនាយកដ្ឋាន គ្រប់នាយកដ្ឋាន ការិយាល័យទាំងអស់ នៅធម្មតា អត់មានអ្វីប្រែប្រួលទេ»

ជាងនេះទៀត សម្រាប់ការងារផ្ទៃក្នុងសម្ដេចក្រឡាហោម ស ខេង បានប្រាប់ឲ្យដឹងថា ក្រសួងបានចេញសេចក្តីណែនាំ ជាលាយល័ក្ខអក្សរ ដើម្បីប្រុងប្រយ័ត្ន ការការពារនៅកន្លែងធ្វើការ និងទីកន្លែងប្រជុំនានា សម្រាប់ចូលរួមទប់ស្កាត់ នូវការរីករាលដាលនៃជំងឺ Covid-19 នេះ។

ជាមួយគ្នានោះ សម្តេចក្រឡាហោម ស ខេង ក៏បានឲ្យដឹងផងដែរថា មានសាលានគរបាលជាតិមួយចំនួន ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីរក្សាការពារ ការរាតត្បាតនៃជំងឺកូរ៉ូណាថ្មី ឬ Covid-19 នេះ។

បន្ថែមពីនោះទៀត សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា វីរុស Covid-19 នេះ គឺភាគច្រើនឆ្លងចូលពីបណ្តាប្រទេសផ្សេងៗ តាមច្រកផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ សម្តេចក៏បានអំពាវនាវឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ចូលរូមអនុវត្តគោលការណ៍ របស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួន ឲ្យបានខ្ពស់ពីការរាតត្បាត នៃជំងឺកូវីដ១៩នៅកម្ពុជា។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤៧ករណីហើយ ក្នុងនោះមានប្រុស៤៣នាក់ និងនារីចំនួន៤នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាល កូវីដផងដែរ៕