ឯកឧត្តម ឃួង ស្រេង ថ្លែងអំណរគុណលោកឧកញ៉ា ជឹង ធានសេង ដែលឧបត្ថម្ភទឹកលាងដៃជាង១,០០០ដប ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រឆាំង COVID-19


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានថ្លែងអំណរគុណដល់ ឧកញ៉ា ជឹង ធានសេង ដែលបានឧបត្ថម្ភទឹកលាងដៃ ចំនួន១០០កេស ស្មើនឹង១,២០០ដង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់រួមគ្នាប្រយុទ្ធប្រឆាំងការីករាលដាល ជំងឺ COVID-19 នេះបើតាមការឲ្យដឹងពី លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ប្រាប់បណ្ដាញព័ត៌មាន ។

បើតាមឯកឧត្តម ម៉េត មាសភក្ដី, ឯកឧត្តម ឃួង ស្រេង បានចាត់ទុកថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ លោកឧកញ៉ា ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃ Covid-19 នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានទាន់ពេលវេលា។

ឯកឧត្តមបន្តថា «ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រឡាញ់ចំពោះជនរួមឈាម ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា ក្នុងកាលៈទេសៈដែល ប្រទេសជាតិ បាននិងកំពុងជួបប្រទះ នៃការរាតត្បាតពីមេរោគកូវីដ១៩ (Covid-19)។ សមានចិត្តរបស់លោកឧកញ៉ា នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់។

គួរជម្រាបថា រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ សរុបចំនួន៨៧ករណី ដែលក្នុងនោះមាននារី២២នាក់ និងបុរស៦៥នាក់ ដែលមានជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់៕