ទូតខ្មែរនៅជប៉ុន អំពាវនាវពលរដ្ឋ អនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់អាជ្ញាធរជប៉ុន ដើម្បីចៀសផុតពីការឆ្លង COVID-19


(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសិក្សា ធ្វើកម្មសិក្សា និងធ្វើការនៅប្រទេស ជប៉ុនទាំងអស់ ពីស្ថានភាពនៃការរីករាលដាល នៃកូវីដ១៩ និងវិធានការទប់ស្កាត់របស់រដ្ឋាភិបាល និងអាជ្ញាធរដែនដីជប៉ុន។

សេចក្តីជូនដំណឹងបាន បញ្ជាក់ឲ្យដឹងថា ករណីឆ្លងកូវីដនៅជប៉ុន មានចំនួនកើនឡើងជារៀងរាល់ថ្ងៃ ហើយរហូតមកដល់ពេលនេះ មានចំនួន ២០២៥ករណី ជាពិសេសនៅទីក្រុងតូក្យូមានចំនួនកើនឡើង ៣ថ្ងៃជាប់គ្នា គឺ១៦ករណី នៅថ្ងៃទី២៣ ចំនួន១៧ករណី ថ្ងៃទី២៤ និង៤១ករណី នៅថ្ងៃទី២៥ ខែមីនា ដែលធ្វើឲ្យទីក្រុងតូក្យូ មានចំនួនអ្នកឆ្លងសរុប ២១២ ច្រើនជាងគេបំផុតនៅក្នុងប្រទេសជប៉ុន។ រដ្ឋបានក្រុងតូក្យូ ស្នើឲ្យចៀសវាងការជួបជុំគ្នា ដោយមិនចាំបាច់នៅទីសាធារណៈ រហូដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ធ្វើការងារពីផ្ទះកាន់តែច្រើន កាលបើអាចធ្វើបាន និងសូមចៀសវាង ទៅទទួលទានអាហារនៅភោជនីយដ្ឋាន។

អ្នកជំនាញខាងកូវីដ១៩ ព្រមានថា នៅជប៉ុនអាចមានរលកឆ្លងលើកទី២ ដោយសារមានប្រជាជនជប៉ុន ដែលទើបត្រឡប់ចូលប្រទេសវិញ មានផ្ទុកមេរោគកូវីដ១៩។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលជប៉ុន បានប្រកាសដាក់បម្រាមកម្រិត២ សម្រាប់ការធ្វើដំណើរក្រៅប្រទេស រួមទាំងទៅប្រទេសកម្ពុជាផងដែរ។

បើតាមសេក្តីជូនដំណឹងដដែល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយការឆ្លងកូវីដ១៩ នៅប្រទេសជប៉ុនបន្តកើនឡើងគួរឲ្យបារម្ភ ជាពិសេសនៅទីក្រុងតូក្យូ ស្ថានទូតសូមអំពាវនាវដល់ពលរដ្ឋ ខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅជប៉ុន សូមបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ជាពិសេសពេលធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត។ សូមប្រកាន់ខ្ពាប់អនាម័យល្អ ចៀសវាងការជួបជុំគ្នាច្រើន អនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំអំពីវិធីការពាររបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន»៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងស្ថាន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន៖