ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយគ្រូពេទ្យទូទាំងខេត្តកណ្តាល ដើម្បីត្រៀមលក្ខណៈបង្ការ ការពារ និងព្យាបាលជំងឺ (Covid-19)


ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានជួបសំណេះសំណាលជាមួយ គ្រូពេទ្យ ទូទាំងខេត្ត ដើម្បីត្រៀមលក្ខណៈបង្ការ ការពារ និងព្យាបាលជំងឺ(Covid-19) ដោយមានការអញ្ជើញចូលរួម ពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត អភិបាលស្រុក ក្រុង ទាំង១១ មន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមគ្រូពេទ្យ សរុបជិត៣០០នាក់។

ក្នុងឱកាសជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូពេទ្យទូទាំងខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានលើកបញ្ជាក់ថា បញ្ហាជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី (Covid-19) គឺជាបញ្ហាសកលក្នុងពិភពលោក ក៏ដូចនៅក្នុងតំបន់ កំពុងជួបប្រទះ និងបានរួមគ្នាយកចិត្តទុកដាក់ទប់ស្កាត់ការរីករាលដាល ជំងឺឆ្លងដ៏កាចសាហាវនេះ។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើង ករណីជំងឺនេះគឺយើងនៅមិនទាន់មានអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋជួបប្រទះនិងមានការព្រួយបារម្ភធ្ងន់ធ្ងរ ដូចបណ្ដាប្រទេសដទៃឡើយ បញ្ហាដែលបារម្ភនោះគឺជាបញ្ហាកើតឡើងដោយជំងឺភ័យខ្លាចរបស់ប្រជាពលរដ្ឋដែលតែងតែជឿតាមព័ត៌មាន មិនពិត ព័ត៌មានដែលបំប៉ោង បំភ្លើសបំភិតបំភ័យដល់ប្រជាពលរដ្ឋពីសំណាក់ពួកអគតិ ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ និងកោតសរសើរនឹងបានដាក់សេចក្ដីសង្ឃឹមខ្ពស់ ដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងក្រុមគ្រូពេទ្យ ដែលបានត្រៀមលក្ខណៈក្នុងការប្ដេជ្ញាចិត្តខ្ពស់ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនូវជំងឺឆ្លង Covid-19 នេះ ពិសេសក្នុងករណីជំងឺនេះកើតឡើងលើប្រជាពលរដ្ឋត្រូវតែយកចិត្តទុកដាក់ ក្នុងការលះបង់ប្រកបដោយឆន្ទៈប្ដេជ្ញាខ្ពស់ដើម្បីព្យាបាលជូនពួកគាត់។

ឯកឧត្ដមអភិបាល បានឧបត្ថម្ភថវិកាដល់គ្រូពេទ្យ ចំនួន២៨៥នាក់ ក្នុងម្នាក់ៗថវិកា១០ម៉ឺនរៀល។