អាជ្ញាធរបើកយុទ្ធនាការ ចុះណែនាំមិនឲ្យមានការលក់ឧបករណ៍តេស្តរកមេរោគ COVID-19 តាមឱសថស្ថានក្នុងមូលដ្ឋានខណ្ឌចំការមន


អាជ្ញាធរខណ្ឌចំការមនដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន រួមជាមួយមន្ត្រីសុខាភិបាល មន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះអបរំណែនាំដល់ម្ចាស់ឱសថស្ថាននានា ដែលបាន និងកំពុងប្រកបអាជីវកម្មនៅក្នុងមូលដ្ឋានខណ្ឌចំការមន លក់ជែល លក់អាកុលលាងដៃ ដាច់ខាតមិនឲ្យមានការលក់តម្លើងថ្លៃហួសហេតុ ពិសេសណែនាំហាមមិនឲ្យលក់ ឧបករណ៍រកមេរោគកូវីដ១៩ (COVID-19) ខុសច្បាប់នោះឡើយ។

ក្នុងនោះលោក អាំង សិរីពិសិដ្ឋ ក៏សំណូមពរដល់អាជីវករកលក់ឱសថទាំងអស់ សូមជួយសហការជាមួយអាជ្ញាធរ ដើម្បីមានវិធានការក្នុងកាទប់ស្កាត់នូវការលក់ឧបករណ៍តេស្តរកមេរោគ COVID-19 ដោយគ្មានបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជា។

នៅតាមឱសថស្ថាននីមួយៗ លោក អាំង សិរីសិដ្ឋ បានស្នើឲ្យប្រគល់ឧបករណ៍តេស្តមកឲ្យអាជ្ញាធរជាបន្ទាន់ បើកន្លែងអស់លោកលោកស្រីមាន។ កុំសមត្ថកិច្ចរកឃើញថា តាមឱសថស្ថានរបស់ខ្លួនមានឧបករណ៍តេស្តនេះ អាជ្ញាធរនឹងចាត់ការតាមផ្លូវច្បាប់គ្មានការលើកលែងនោះឡើយ។

ខណៈលោក អាំង សិរីពិសិដ្ឋ ចុះណែនាំដល់អ្នកឱសថ នៅតាមឱសថស្ថាននាពេលនេះ លោកបានជំរាបដល់អ្នកលក់ឱសថទាំងនោះថា តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បច្ចុប្បន្នមានការផលិតឧបករណ៍ធ្វើតេស្តរហ័សច្រើន តែរហូតដល់ពេលនេះ នៅមិនទាន់មានឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ប្រភេទណាមួយ ដែលមានការបញ្ជាក់ទទួលស្គាល់ពី អង្គការសុខភាពពិភពលោកនូវភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៅឡើយទេ។

ក្រសួងបានបញ្ជាក់ថា សម្រាប់នៅកម្ពុជា មានតែវិទ្យាស្ថានជាតិស្រាវជ្រាវសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលកំពុងប្រតិបត្តិការតាមបច្ចេកទេស និងគោលការណ៍ប្រតិបត្តិស្តង់ដារ របស់អង្គការសុខាភាពពិភពលោក ដែលមានការចេញលទ្ធផលទទួលស្គាល់ត្រឹមត្រូវ។

ក្រសួងសុខាភិបាល បានព្រមានថា ជនដែលប្រើឧបករណ៍សម្រាប់តេស្តរហស័រកមេរោគកូវីដ១៩ មកផ្សព្វផ្សាយជាសាធារណៈដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕