ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អរគុណឧកញ៉ា ឈុន អូន ដែលបានឧបត្ថម្ភអង្ករ៥០តោន ជួយពលរដ្ឋខ្វះខាតនៅខេត្តឧត្តរមានជ័យ


(ឧត្តរមានជ័យ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ បានសម្តែងក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា ដែលបានជួយឧបត្ថម្ភអង្ករចំនួន ៥០តោនជូនដល់ប្រជាពលរដ្ឋជួបការខ្វះខាតនៅក្នុងខេត្តឧត្តរមានជ័យ ដោយសារឥទ្ធិពលនៃជំងឺកូវីដ១៩។

ក្នុងលិខិតថ្លែងអំណរគុណដែលទទួលបាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទឹកចិត្តប្រកបដោយមនុស្សធម៌របស់លោកឧកញ៉ា វិញ ហួរ បានសបញ្ជាក់ឱ្យឃើញច្បាស់នូវទឹកចិត្តសប្បុរសធម៌របស់លោកឧកញ៉ា ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលំបាក និងការខ្វះខាតរបស់ប្រជាពលរដ្ឋ។

បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម នៅក្នុងខេត្តឧត្តរមានជ័យ មានប្រជាពលរដ្ឋជួបការលំបាក និងខ្វះខាត បណ្តាលមកឥទ្ធិពលជំងឺកូវីដ ហើយធ្វើឱ្យបាត់ចំណូលនោះ មានជាង ១ម៉ឺនគ្រួសារ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ និងក្រុមការងារដទៃទៀត បាននិងកំពុងធ្វើសកម្មភាពសស្រាក់សស្រាំចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដោយនាំទៅជាមួយស្បៀងអាហារ គ្រឿងឧបភោគ បរិភោគនានា ចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតទាំងនោះ ដើម្បីពួកគាតដោះស្រាយក្នុងជីវភាព។ ក្រៅពីផ្តល់ស្បៀងអាហារ ក៏មាននូវការផ្តល់ជូនក្រមា និងអប់រំពីវិធីការពារជំងឺកូវីដ តាមវិធានរបស់ក្រសួងសុខាភិបាលដែលបានណែនាំផងដែរ។

ឧកញ៉ា ឈុន អូន បានគូសបញ្ជាក់ថា ដោយមើលឃើញពីសកម្មភាពយកចិត្តទុកដាក់របស់ក្រុមការងារ ដែលកំពុងសស្រាក់សស្រាំជួយដល់ប្រជាពលរដ្ឋជួបការខ្វះខាតក្នុងខេត្តឧត្តរមានជ័យ ទើបរូបលោកឧបត្ថម្ភអង្ករតាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ជួយដល់ពលរដ្ឋមានការលំបាកក្នុងជីវភាពនេះ៕