ក្រសួងសាធារណការ ចេញសេចក្តីណែនាំស្តីពីវិធានការបង្ការ និងការទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ


(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នៅតាមមណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ និងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ហានិភ័យ ពីការរីករាលដាលនៃជំងឺកូវីដ១៩ ។

នៅក្នុងសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ក្នុងគោលបំណងអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ហានិភ័យ ពីការរីករាលដាលនៃជំងឺកូវីដ១៩នេះ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមធ្វើការណែនាំដល់ លោកស្រីនាយិកាក្រុមហ៊ុន ខេបូឌា ម៉ូធ័រវីហ៊ីឃល អ៊ិនស្ពេកសិន ខមភេនី និងលោកនាយកក្រុមហ៊ុន អេចខេ ខាអ៊ិនស្ពេកសិន សូមចូមរួមអនុវត្តន៍នូវ វិធានការដូចខាងក្រោម៖

* ទី១៖ រៀបចំឱ្យមានសាប៊ូ ឬទឹកអាកុលលាងដៃ នៅច្រកចេញចូលមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សម្រាប់ឲ្យបុគ្គលិក ឬអតិថិជន លាងសម្អាតដៃមុនពេលចូលក្នុងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ។

* ទី២៖ រៀបចំបម្រុងទុកម៉ាស់ និងស្រោមដៃការពារឱ្យបានគ្រប់គ្រាន់ សម្រាប់ផ្ដល់ជូនបុគ្គលិកក្រុមហ៊ុន នៅក្នុងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ

* ទី៣៖ រៀបចំឱ្យមានការវាស់កំដៅគ្រប់បុគ្គលិកទាំងអស់ មុនពេលចូលក្នុងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះជាប្រចាំក្នុងមួយថ្ងៃ២ដង គឺពេលព្រឹក១ដង និងពេលរសៀល១ដង។ ចំពោះបុគ្គលិកណាដែលមានកំដៅខ្លួនលើសពី ៣៧.២អង្សា ត្រូវអនុញ្ញាតឲ្យសម្រាកពីការងារ និងតម្រូវឱ្យទៅពិនិត្យសុខភាពផ្ទាល់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់។

ទី៤៖ ណែនាំដល់បុគ្គលិកទាំងអស់ត្រូវរក្សាអនាម័យ និងបង្កើនភាពប្រុងប្រយ័ត្នគ្រប់ពេលវេលា ដោយគម្លាតសុវត្ថិភាពយ៉ាងតិច ១.៥ម៉ែត្រពីគ្នា ក្នុងពេលធ្វើទំនាក់ទំនង ការងារជាមួយអតិថិជន ឬសហការី។

* ទី៥៖ ត្រូវរំលឹកបុគ្គលិកនៅពេលក្អក កណ្ដាស់ ត្រូវខ្ទប់មាត់ ច្រមុះ ដោយប្រើក្រដាសអនាម័យ រួចបោះចោលទៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ បន្ទាប់មកត្រូវលាងដៃ សម្អាតដៃនឹងសាប៊ូ ឬទឹកអាកុល។

* ទី៦៖ ត្រូវណែនាំដល់បុគ្គលិកឲ្យអនុវត្តការស្វាគមន៍គ្នា ដោយការលើកតែសំពះតាមទំនៀមទម្លាប់ប្រពៃណីជាតិ ជៀសវាងការចាប់ដៃ។

* ទី៧៖ ណែនាំដល់បុគ្គលិករដ្ឋបាល ទទួល ប្រគល់ឯកសារ ត្រូវពាក់ម៉ាស់ និងស្រោមដៃការពារ ពេលប៉ះពាល់ឯកសារ ហើយត្រូវលាងសម្អាតដៃនឹងសាប៊ូ ឬទឹកអាកុល មុននឹងក្រោយទទួលប្រគល់ឯកសារ។

* ទី៨៖ ណែនាំដល់បុគ្គលិកឲ្យស្នើសុំម្ចាស់យានជំនិះទាំងអស់ វាស់កម្តៅ និងមិនត្រូវអង្គុយនៅខាងក្នុងយានជំនិះ ជាមួយបុគ្គលិកត្រួតពិនិត្យ ក្នុងអំឡុងពេលអនុវត្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ដោយឲ្យម្ចាស់យានជំនិះទាំងនោះទៅកាន់កន្លែងរង់ចាំ និងយកតាមខ្លួននូវវត្ថុមានតម្លៃ ដែលផ្ទុកនៅក្នុងយានជំនិះ ដូចជា គ្រឿងអលង្ការ កាបូប ទូរសព្ទ។ល។

* ទី៩៖ ណែនាំដល់បុគ្គលិកត្រួតពិនិត្យត្រូវរាប់ត្រូវពាក់ម៉ាស និងស្រោមដៃការពារ ពេលបើកបររថយន្ត ហើយត្រូវលាងដៃសំអាតនឹងសាប៊ូ ឬទឹកអាកុល មុន និងក្រោយ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ។

* ទី១០៖ វិធានការអនាម័យសម្លាប់មេរោគដោយប្រើប្រាស់សាប៊ូ ឬទឹកអាកុល ត្រូវអនុវត្តឲ្យបានហ្មត់ចត់ និងជាប្រចាំ ដោយត្រូវសម្អាតនូវរាល់បរិក្ខារ និងឧបករណ៍ ដែលប្រើប្រាស់រួមគ្នា នៅក្នុងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ៕