អភិបាលរាជធានីភ្នំពេញ ជំរុញការស្តារប្រឡាយ និងដាក់លូនៅប្រឡាយត្រពាំងជ្រៃឱ្យបានលឿន ដើម្បីអាចរំដោះទឹកបាននៅរដូវវស្សាខាងមុខនេះ


(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បានចុះពិនិត្យមើលស្ថានភាពការស្តារប្រឡាយ ការដាក់លូ នៅប្រឡាយត្រពាំងជ្រៃ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ហើយបានជំរុញឱ្យការងារនេះ ដំណើរការទៅដោយរលូន ត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងការ រំដោះទឹកភ្លៀង នៅរដូវវស្សាខាងមុខនេះ។

ឯកឧត្តម ឃួង ស្រេង បានឱ្យដឹងថា ការស្ដារប្រព័ន្ធបង្ហូរទឹកផ្នែកខាងជើង មហាវិថីសហព័ន្ធរុស្ស៊ីនេះ គឺចាប់ផ្តើមពីប្រឡាយត្រពាំងជ្រៃ ប្រឡាយចម្ការឪឡឹក ប្រឡាយតាបែន ប្រឡាយទួលសំពៅ និងប្រឡាយអូរអាគុជ ដែលមានប្រវែងសរុប ១៧,១០០ម៉ែត្រ ក្នុងនោះមានការងារដាក់លូ ជ្រុលមួយជួរមានមុខកាត់ ២ម៉ែត្រ គុណនឹង២ម៉ែត្រប្រវែង ៥០០ម៉ែត្រ ដាក់លូមូលមុខកាត់ ១ម៉ែត្រកន្លះ ប្រវែង ៧០០ ម៉ែត្រ បុកបន្ទះបេតុង ពង្រីកផ្លូវប្រវែង ៧០០ម៉ែត្រ មួយចំហៀង ចាក់បេតុងឆ្អឹងដែកពីលើគំរបដាក់លូមានប្រវែង ៥០០ម៉ែត្រ ទទឹង ៣ម៉ែត្រកន្លះ ប្រវែង ៧០០ម៉ែត្រ ទទឹង៧ម៉ែត្រ និងប្រវែង ៧០០ម៉ែត្រ ទទឹង ១០ម៉ែត្រ ដែលមានផ្ទៃ ក្រឡាសរុប ១៣,៦៥០ម៉ែត្រការ៉េ និងការងារសាងសង់ស្ពានបេតុង មួយទីតាំងឆ្លងកាត់ប្រឡាយទួលសំពៅ (ស្ពានឱកាសខ្ញុំ) ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ ជំហ៊ានទី២។

ក្នុងឱកាសនៃការចុះពិនិត្យ មើលស្ថានភាពប្រឡាយខាងលើនេះ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌ ជាពិសេសលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ធ្វើយ៉ាងណាចុះធ្វើការ សម្របសម្រួល និងណែនាំប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរ ដើម្បីស្ដារប្រឡាយខាងលើនេះ ឱ្យបានជោគជ័យ ទៅតាមគម្រោងដែលបានគ្រោងទុក ដោយហេតុថា ប្រឡាយខាងលើនេះ មានសារៈសំខាន់ណាស់ ក្នុងការរំដោះទឹកចេញពីភូមិឋានរបស់ពួកគាត់ពិសេសនៅតំបន់ខាងជើងព្រលានយន្តហោះភ្នំពេញ។

បន្ថែមពីលើនេះទៀតឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឱ្យក្រុមការងារ នៃមន្ទីរសាធារណការរាជធានីភ្នំពេញ ស្តារក៏ដូចជាស្ថាបនាប្រឡាយនេះ ឱ្យបានលឿន ហើយចំពោះផលប៉ះពាល់យើងនឹងធ្វើការ ដោះស្រាយ តាមក្រោយសំខាន់ គឺការស្ដារប្រឡាយនេះឱ្យរួចរាល់ ដើម្បីអាចរំដោះទឹក បាននៅរដូវវស្សា ខាងមុខនេះ ។

ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះជំនន់ទឹកភ្លៀង ចេញពីតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពីស្រុកអង្គស្នួល ខេត្តកណ្តាល និងតំបន់ជុំវិញ៕