កិច្ចប្រជុំរបស់គណៈកម្មាធិការអន្តរក្រសួង សម្រាប់ការរៀបចំនៃវេទិកា សេដ្ឋកិច្ចពិភពលោក(WEF)ស្តីពីអាស៊ាន


នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួងដើម្បីពិភាក្សាអំពីវឌ្ឍនភាព នៃការងារត្រៀមរៀបចំកិច្ចប្រជុំ វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពី អាស៊ាន ដែលកម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះនៅក្នុងទី១០ ១១ និង១២ ខែឧសភា ឆ្នាំ២០១៧ខាងមុខ ក្រោមប្រធានបទ៖ យុវជន បច្ចេកវិជ្ជា និងកំណើន។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ វេទិកាសេដ្ឋកិច្ចលោកនឹងនាំមកជូនកម្ពុជានូវមេដឹកនាំនយោបាយ និងមេដឹកនាំធុរកិច្ចសំខាន់ សង្គមស៊ីវិល និងអ្នកសិក្សាស្រាវជ្រាវសំខាន់ៗប្រមាណ៧០០រូប។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវេទិកាពិភពលោកដ៏មានសារសំខាន់នេះ។
ជាមួយគ្នានេះផងដែរ ក្រៅពីកម្មវិធីប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ក៏នឹងការរៀបចំកម្មវិធីដំណើរទស្សនកិច្ចជូនគណៈប្រតិភូ ដែលចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ទៅកាន់ប្រាសាទអង្គវត្តឋិតក្នុងទឹកដីខេត្តសៀមរាបផងដែរ។
កម្ពុជានឹងមានឱកាសដ៍ល្អប្រពៃមួយក្នុងការបង្ហាញនូវអច្ឆរិយៈវត្ថុមួយក្នុងចំណោមអច្ឆរិយៈវត្ថុនានារបស់ពិភពលោក ក៏ដូចជាការលើកកម្ពស់វប្បធម៍និងប្រវត្តិសាស្រ្តកម្ពុជាផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនអាកាសចរណ៍Air Asia ដែលបានជួបឧបត្ថម្ភប្រកបទឹកចិត្តសប្បុរសពាក់ព័ន្ធនឹងការដឹកជញ្ជូនប្រតិភូនៃវេទិកាសេដ្ឋកិច្ចពិភពលោកទៅបំពេញទស្សនកិច្ចនៅខេត្តសៀមរាបពីរាជធានីភ្នំពេញ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបជូនអង្គប្រជុំផងដែរអំពីសមិទ្ធផលសម្រេចបាននៅក្នុងទីក្រុងDavos ។ យើងមានមោទនភាពដែលកម្ពុជាក្លាយជាប្រទេសទីមួយនៅអាស៊ី បានចូលជាសមាជិកក្នុងកម្មវិធីហិរញ្ញប្បទានBlended Finance ដែលជាយន្តការផ្តល់ហិរញ្ញប្បទាន ដើម្បីជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ហើយប្រធានបទនេះនឹងមានការពិភាក្សាបន្ថែមទៀតនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកដែលប្រារព្ធឡើងនៅកម្ពុជា ក្នុងខែឧសភាខាងមុខនេះ។
ក្រុមការងារជាន់ខ្ពស់មកពីវេទិកាសេដ្ឋកិច្ចពិភពលោក នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានៅចុងខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះដើម្បីពិនិត្យមើលទីតាំងរៀបចំកម្មវិធីនានាសម្រាប់វេទិកានេះ។