លោក ញឹក ប៊ុន ឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានគាំទ្រ នូវគំនិតផ្តួចផ្តើមរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខដឹកនាំ គណបក្សប្រជាជនកម្ពុជា ក្នុងការស្នើធ្វើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ គឺអ្នកមានទោស មិនអាចធ្វើជាប្រធាន អនុប្រធាន គណបក្ស នយោបាយ បានទេ ហើយបើទោសធ្ងន់ធ្ងរ និងអាចរលាយគណបក្ស ថែមទៀតផង។
លោកញឹក ប៊ុនឆៃ ប្រធានគណបក្ស ខ្មែររួបរួមជាតិ បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ នេះថា នៅកម្ពុជា គួរតែមានច្បាប់នេះ គឺអ្នកដែលមានទោស មិនអាចធ្វើជាប្រធាន និងអនុប្រធាន គណបក្សបានទេ ហើយនៅប្រទេសថៃ ក៏មានច្បាប់នេះដែរ។
លោកបានលើកឡើងថា កន្លងមក លោកក៏ធ្លាប់ទាមទារ ឲ្យមានការធ្វើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយនេះដែរ គឺបើសិនជាមាន គណបក្សណាមួយ រំលោភទៅលើ ច្បាប់បោះឆ្នោត។ បើមានច្បាប់នេះ ប្រហែលជាអាចធ្វើឲ្យ អ្នកដែលចង់ប្រព្រឹត្តខុស ប្រយ័ត្នប្រយែង មិនធ្វើឲ្យខុស និងគួរតែអនុវត្ត ច្បាប់នឹងឲ្យបានតឹងរឹង ដើម្បីកុំឲ្យអ្នកប្រព្រឹត្តខុស ចេះតែរួចខ្លួន។
លោកបានបញ្ជាក់ថា ការអនុវត្តច្បាប់ មិនបានល្អ ធ្វើឲ្យមនុស្សប្រព្រឹត្តអ្វី ដែលផ្ទុយនឹងច្បាប់ ហើយសម្រាប់លោក គឺលោកគាំទ្រចំពោះ ការដាក់ទោសទណ្ឌ អ្នកដែលធ្វើផ្ទុយនឹងច្បាប់ បោះឆ្នោតរបស់យើង។ នៅពេលដែលច្បាប់ ចេញមកហើយ កាលណាតម្រូវថា មេបក្ស មិនត្រូវមានទោស ប៉ុន្តែបើយើង មានទោសមិនអាច ទៅដឹកនាំគណបក្សបានទេ។
ចំណែកលោកស្រី ឡាក់ សុភាព ប្រធានគណបក្សខ្មែរសាមគ្គី បានមានប្រសាសន៍ថា លោកស្រី គាំទ្រ ចំពោះផ្លូវច្បាប់ និងគាំទ្រ ចំពោះគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ លោកស្រី សុំឲ្យច្បាប់អនុវត្តតាមនីតិវិធី និងសូមឲ្យអនុវត្តច្បាប់ ឲ្យបានម៉ឹងម៉ាត់ កុំឲ្យបុគ្គល ដែលមានកំហុសឆ្គង ធ្វើជាប្រធាន អនុប្រធានគណបក្ស។
លោកស្រី បានលើកឡើងថា បញ្ហាផ្នែកច្បាប់ បុគ្គលជាប្រធានគណបក្សក្តី រាល់ការដែល ទាក់ទិននឹងបញ្ហាបទល្មើស ឬក៏បញ្ហាការប្រព្រឹត្ត ទោសទណ្ឌណាមួយ នីតិវិធីអង្គហេតុ និងអង្គច្បាប់ គឺបុគ្គលដែលមានទោសទណ្ឌ មិនអាចឈរជាបេក្ខជន ព្រោះប្រធានគណបក្ស ទាំងអស់នោះ (គណបក្សសង្គ្រោះជាតិ) ជាទណ្ឌិត។