ទស្សនៈមិត្តអ្នកអាន៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងប្រកាន់ខ្ជាប់វប្បធម៌ចែករំលែក គឺខ្មែរជួយខ្មែរ»


នៅក្នុងសង្គមកម្ពុជា ប្រជាពលរដ្ឋមានវប្បធម៌ល្អផូរផង់មួយ គឺវប្បធម៌នៃការចែករំលែកដើម្បីជួយគ្នាទៅវិញទៅមក។ ទស្សនវិជ្ជានេះ មានតម្លៃធំធេងសម្រាប់ជំរុញល្បឿននៃការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយការពឹងពាក់លើជំនួយបរទេស ពិសេសខ្មែរជួយខ្មែរក្នុងគ្រាអាសន្នអន់ក្រ។ តាមរយៈភាពសស្រាក់សស្រាំក្នុងការជួយជនរងគ្រោះក្នុងសោកនាដកម្មនានាកន្លងមក គេបានមើលឃើញយ៉ាងច្បាស់អំពីសិល្បៈនៃការចែករំលែក ក្នុងចំណោមពលរដ្ឋខ្មែរដែលគួរតែលើកតម្កើង ជាពិសេស វប្បធម៌ចែករំលែកដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងបានប្រកាន់ខ្ជាប់ក្នុងគ្រប់កាលៈទេសៈដែលប្រទេសជាតិជួបគ្រោះអាសន្ន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបរិច្ចាគប្រាក់បៀវត្សជានាយករដ្ឋមន្ត្រីចំនួន ៧ខែ ដោយគិតចាប់ខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មាការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃការវិវត្តនៃជំងឺឆ្លងសកលនេះ។ ការបរិច្ចាគប្រាក់បៀវត្សចំនួន ៧ខែ របស់លោកនាយករដ្ឋមន្ត្រី ត្បិតថា មិនច្រើនណាស់ណា តែវាជាទឹកចិត្តដ៏ប្រពៃរបស់ប្រមុខរាជរដ្ឋាភិបាល ជូនចំពោះប្រទេស និងជនរួមជាតិកម្ពុជា។

ទន្ទឹមនឹងការដាក់ចេញវិធានការដ្ឋជាច្រើនប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលកំពុងរាតត្បាតពាសពេញសកលលោក រួមទាំងការកៀរគរថវិកាពីសប្បុរសជននានាផងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅដើមខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់លោកទៀតផង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកលនេះឲ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការប្រមូលថវិកាមួយផ្នែកទៀតជួយដល់រាជរដ្ឋាភិបាល។

ការបរិច្ចាគប្រាក់បៀវត្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ជាកាយវិការគំរូដ៏ល្អមួយដែលថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល បានអនុវត្តតាម ក្នុងគ្រាដែលកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រយុទ្ធនឹងជំងឺឆ្លងសកល COVID-19 ។ ជាក់ស្តែងមួយថ្ងៃបន្ទាប់ពីការប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់លោកនាយករដ្ឋមន្ត្រី គេឃើញមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជាបន្តបន្តាប់ បានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនផងដែរ ជូនដល់គណៈកម្មាការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ អ្នកខ្លះស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ៦ខែ អ្នកខ្លះ ៧ខែ មានដូចជា លោក ជា វ៉ាន់ដេត, លោក កើត រិទ្ធ, លោក សាយ សំអាល់, លោក ជា សុផារ៉ា លោក ម៉ម ប៊ុនហេង, លោក អ៊ុក រ៉ាប៊ុន, លោក ម៉ៅ ហាវណ្ណាល់, លោក ប៉ាន់ សូរស័ក្តិ, លោក អ៊ិត សំហេង ជាដើម។ គេសង្ឃឹមថា នឹងមានថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលផ្សេងៗទៀតនឹងសម្រេចផ្តល់ប្រាក់បៀវត្សតាមការស្ម័គ្រចិត្តរៀងៗខ្លួន ពោលគឺជាវប្បធម៌ចែករំលែកដើម្បីជួយដល់ជាតិក្នុងគ្រាអាសន្ននេះ។

ការចែករំលែក គឺជាសិល្បៈដ៏មានតម្លៃ ក្នុងទស្សនៈ ខ្មែរជួយខ្មែរ ក្នុងនាមជាជនជាតិដែលមានឈាមជ័រដូចគ្នា។ ក្នុងន័យនេះ ខ្មែរអ្នកមានដែលបានទទួលភាគផលច្រើនពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅក្រោយសង្គ្រាម គួរតែចែករំលែកភោគផលដែលខ្លួនទទួលបានពីសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលបានខិតខំរកជូនដោយលំបាកក្នុងរយៈពេលជាច្រើនទស្សវត្សរ៍នេះ ជួយចែករំលែកដល់រាជរដ្ឋាភិបាលវិញ ក្នុងគ្រាលំបាកនេះ ពិសេសជួយដល់ជនរួមឈាមជ័រជាខ្មែរដូចគ្នា ដែលកំពុងទទួលរងគ្រោះដោយសារជំងឺ COVID-19។

តាមរយៈកម្លាំងសាមគ្គី និងការចែករំលែកដើម្បីជួយគ្នា គេប្រាកដជាអាចជួយរំលែកទុក្ខលំបាកជាមួយនឹងរាជរដ្ឋាភិបាល ពិសេសជួយទៅដល់ប្រជាពលរដ្ឋខ្មែរក្នុងគ្រាលំបាកនេះ។ ម្យ៉ាងទៀត សិល្បៈនៃការចែករំលែកនេះ គួរតែត្រូវធ្វើឲ្យក្លាយជាមហាចលនាសង្គមទូទាំងប្រទេស នៅក្នុងបរិបទដែលកម្ពុជា ក៏ដូចជា ពិភពលោកទាំងមូលកំពុងតស៊ូប្រយុទ្ធប្រឆាំងទប់ទល់នឹងជំងឺឆ្លងសាកល COVID-19 ។