ការ​ជួប​សម្ដែង​ការ​គួរសម និង​ជូន​របាយការណ៍​ស្ដីពី​កិច្ច​សហប្រតិបត្តិការ E-Learning


ទីស្ដីការ​៖ នា​ព្រឹក​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០២០​នេះ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុញ្ញាត​ឱ្យ​ឯកឧត្ដម កឹម គុណវឌ្ឍ និង​ឯកឧត្ដម ហួត ឃាងវេង រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ជួប​សម្ដែង​ការ​គួរសម និង​រាយការណ៍ ស្នើ​សុំ​កិច្ច​សហការ​ជាមួយ​ក្រសួង​អប់រំ ក្នុង​ការ​ផ្សព្វផ្សាយ​កម្មវិធី​សិក្សា​ពី​ចម្ងាយ​ប្រព័ន្ធ​ទូរទស្សន៍ ផ្កាយរណប “តេជោធីវី” ប៉ុស្តិ៍ “ទទក២” ដែល​ជា​កម្មវិធី​ដោយឡែក​នៃ​ការងារ​អប់រំ និង​តាម​ App របស់​ក្រសួង​ព័ត៌មាន ក្នុង​គោល​បំណង​សម្រួល​ដល់​សិស្សានុសិស្ស​ទូទាំង​ប្រទេស ​ទទួល​បាន​សេវា​រៀន​សូត្រ​ពី​ចម្ងាយ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន និង​កំពុង​អនុវត្ត​នៅ​ក្នុង​ដំណាក់កាល​ដែល​ក្រសួង​បាន​ដាក់​ឱ្យ​គ្រឹះស្ថាន​សិក្សា​ទូទាំង​ប្រទេស​អនុវត្ត​វិស្សមកាល​តូច​មុន​កាល​កំណត់ ដើម្បី​ចូលរួម​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19។

ឯកឧត្ដម​បណ្ឌិត​សភាចារ្យ រដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​ការ​ថ្លែង​អំណរ​គុណ​ចំពោះ​ក្រសួង​ព័ត៌មាន​​ដែល​បាន​យក​ចិត្ត​ទុកដាក់​ដល់​បញ្ហា​ប្រឈម​របស់​វិស័យ​អប់រំ នៅ​ក្នុង​ដំណាក់​កាល​នៃ​ជំងឺ Covid-19 និង​ស្នើ​សុំ​ឱ្យ​មាន​ការ​រៀប​ចំ​ជា​​អនុស្សរណៈ​យោគយល់​រវាង​ក្រសួង​ទាំង​ពីរ​ដើម្បី​សហការ​អនុវត្ត​ការ​រៀប​ចំ និង​ផ្សព្វផ្សាយ​កម្មវិធី​រៀន​ពី​ចម្ងាយ​នេះ​ឱ្យ​មាន​លក្ខណៈ​សម្បូរ​បែប​គ្រប់ជ្រុងជ្រោយ និង​ប្រកប​ដោយ​សុពលភាព និង​ប្រសិទ្ធភាព៕

​០២ មេសា ២០២០ | ទីស្ដីការ​ក្រសួង