ប្រាសាទអកយំទទួលបានការជួសជុលជាលើកដំបូងពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា


ដំណើរការជួសជុលប្រាសាទអកយំមកដល់ឆ្នាំ២០២០មានរយៈពេលជិតមួយឆ្នាំហើយ ដែលក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានប្រឹងប្រែងសង្គ្រោះឱ្យរួចផុតពីហានីភ័យ ដើម្បីឱ្យបុរាណដ្ឋានមួយនេះមានភាពរឹងមាំ ស្រស់ស្អាត និងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ សម្រាប់ទទួលស្វាគមន៍ទេសចរគ្រប់ទិសទីមកទស្សនាឱ្យបានច្រើនកុះករ។

លោកបណ្ឌិត ជា សុជាតិ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងបានឱ្យដឹងថា ប្រាសាទអកយំរងនូវការខូចខាតតាំងពីមុនបារាំងរកឃើញមកម្ល៉េះ (ឆ្នាំ១៩៣២) ដោយសាររចនាសម្ពន្ធមួយផ្នែកនៃប្រាសាទត្រូវបានកប់ក្រោមខ្នងទំនប់បារាយណ៍។ មិនតែប៉ុណ្ណោះ ដើមឈើនិងឫសឈើក៏បានដុះចាក់ឫសបំផ្លាញប្រាសាទ កម្សោយរចនាសម្ពន្ធគ្រឹះមិនអាចទ្រទម្ងន់សង្កត់របស់តួប្រាសាទទាំងមូល ការលួចជីករកវត្ថុបុរាណ ឥដ្ឋពុកផុយ ការបំផ្លាញដោយបរិស្ថានមានរុក្ខជាតិ ស្លែ ទឹក សីតុណ្ហភាព អាកាសធាតុ លំញ័រយានយន្តដែលបរកាត់បុរាណដ្ឋាន បាយអរអស់គុណភាព និងកង្វះការថែទាំជាដើម។

ដើម្បីសង្គ្រោះប្រាសាទនេះឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាបានជួសជុលទៅតាមដំណាក់កាល។ ដំណាក់កាលទី១ សម្អាតប្រាសាទ ត្រួសត្រាយព្រៃ សម្អាតកំណកដី សម្រង់ប្លង់ជុំវិញប្រាសាទ និងពង្រឹងខឿនខាងត្បូងនៃប្រាង្គកណ្តាល។ ដំណាក់កាលទី២ ក្រុមការងារបន្តពង្រឹងប្រាង្គកណ្តាល ពង្រឹងនិងជួសជុលខឿនផ្នែកខាងត្បូង ខាងលិច ខាងកើត និងខាងជើង។ នៅផ្នែកខាងជើង ក្រុមការងារបានដំឡើងស៊ុមទ្វារដែលធ្វើពីថ្មភក់ឱ្យឈរឡើងវិញ ដែលគេបានធ្វើបន្ថែមលើសំណង់ចាស់កាលពីស.វ.ទី១០ឱ្យដូចដើម។ បន្តពីនោះ ក្រុមការងារបានដកដើមពោធ៍ រើរានព្រះភូមិនៅផ្នែកខាងកើត ដែលជាច្រកចូលដ៏សំខាន់ ហើយពង្រឹងខឿនទី៣ និងកម្រាលខឿនដែលឫសពោធិ៍បានចាក់ចូលធ្វើឱ្យខូចខាត។ រួចហើយពង្រឹងនិងជួសជុលខឿនប្រាង្គ ដំឡើងកាំជណ្តើរថ្មភក់និង ដាក់បង្កាន់ដៃឥដ្ឋសងខាង។ ចំណែកនៅកណ្តាលប្រាង្គ ក្រុមការងារបានរៀបចំពង្រឹងជើងទម្រនិងលើកបំណែកជើងទម្រមកដាក់នៅទីតាំងដើមវិញ។

ប្រធានគម្រោងរូបនេះបានបញ្ជាក់ថា គោលបំណងនៃការជួសជុលប្រាសាទអកយំ គឺដើម្បីរួមចំណែកលើកតម្លៃប្រាសាទនេះឱ្យផុតពីការបំផ្លាញរបស់ធម្មជាតិ បរិស្ថាន និងមនុស្ស ឱ្យសមតម្លៃជាបេតិកភណ្ឌពិភពលោក។លោក សុជាតិ សង្ឃឹមថា ក្រោយបញ្ចប់គម្រោងជួសជុលក្នុងពេលឆាប់ៗខាងមុខ នឹងមានភ្ញៀវទេសចរស្គាល់ច្រើន មកទស្សនាច្រើនដូចបារាយណ៍ដែរ ដើម្បីសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រ បរិស្ថាន ការជួសជុល សំណង់ប្រាសាទភ្នំដែលមានវ័យចំណាស់ជាងគេនៅក្នុងតំបន់រមណីយដ្ឋានអង្គរ៕