អភិបាលខេត្តកំពង់ធំ បន្តចុះផ្សព្វផ្សាយអំពីវិធីការពារ ទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ស្រុកស្ទោង


(ខេត្តកំពង់ធំ)៖ ថ្លែងនៅក្នុងពិធីចុះជួបប្រជាពលរដ្ឋដែលទើបត្រលប់មកពីក្រៅប្រទេស នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ជំងឺកូវីដ១៩ កំពុងរីករាលដាលនៅលើសកលលោក ដែលក្នុងនោះប្រទេសកម្ពុជាក៏កំពុងរងគ្រោះផងដែរ។

ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះ សូមពុកម៉ែបងប្អូន ត្រូវរក្សាសុខភាព និងរក្សាអនាម័យ និងចូលរួមអនុវត្តតាមការផ្សព្វផ្សាយអប់រំរបស់ក្រសួងសុខាភិបាល៖

១. ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល។

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ។

៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ។

៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។

៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ។

៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។

ឯកឧត្តមបន្ថែមទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ បើស្រលាញ់ក្រុមគ្រួសារ ស្រលាញ់សាច់ញាតិ ត្រូវរស់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន មិនត្រូវដើរចេញទៅជួប ឬប៉ះពាល់អ្នកទទៃ ហើយត្រូវឈរនិយាយគ្នា មានចំងាយយ៉ាងតិច ២ម៉ែត្រ ជាពិសេសត្រូវនៅអោយឆ្ងាយពីមនុស្ស ចាស់ និងកុមារ ដែលជាបុគ្គលងាយនឹងឆ្លងជាងគេ។ ម្យ៉ាងវិញទៀត ប្រសិនបើមានរោគសញ្ញា ក្អក ឬកណ្តាស ត្រូវពាក់ម៉ាស ឬយកក្រម៉ាខ្ទប់មាត់ ឬកែងដៃ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងខូវីត១៩។

លើសពីនេះទៀត ប្រសិនបើមានរោគសញ្ញាក្តៅខ្លួនខ្លាំង ក្អក ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម ក្នងករណីមានរោគ សញ្ញាទាំងអស់នេះ ត្រូវប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរ និងស្វែងរកសេវាសុខាភិបាល ឬហៅ ទូរស័ព្ទទៅកាន់លេខ ១១៥ ដោយឥតគិតថ្លៃ។

ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ បានជម្រុញដល់អាជ្ញាធរក្រុងស្រុកបន្តធ្វើកិច្ចការនេះឲ្យជាប់ជាប្រចាំ ដោយធ្វើការផ្សព្វផ្សាយបញ្ជ្រាបព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យគាត់បានយល់ដឹងកាន់តែច្បាស់អំពីវិធានការ ការពារ ទប់ស្កាត់ អំពីការរីករាលដាលនៃជំងឺ Covid 19 ដែលកំពុងតែឆ្លង មកប្រទេសកម្ពុជាយើង៕