លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រកាសបរិច្ចាគប្រាក់បៀវត្ស៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩


(ភ្នំពេញ)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។

រហូតមកដល់ពេលនេះ មានថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋសភា និងស្ថាប័នមួយចំនួន បានចូលរួមបរិច្ចាគប្រាក់បៀវត្សរ៍រៀងៗខ្លួនជាបន្តបន្ទាប់ ដើម្បីជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ខណៈដែលជំងឺនេះបានរីករាលដាលកាន់តែច្រើនឡើង៕