សម្តេចតេជោ ហ៊ុន សែន ជម្រាបជូនប្រធានព្រឹទ្ធសភា ថា “រាជរដ្ឋាភិបាលត្រូវការជាចាំបាច់នូវច្បាប់ស្តីពីការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន”


ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជម្រាបជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ថា “រាជរដ្ឋាភិបាលត្រូវការជាចាំបាច់នូវច្បាប់ស្តីពីការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន” ជាការប្រញាប់ដើម្បីអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន ។

នេះបើយោងតាមលិខិតមួយច្បាប់របស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនប្រធានព្រឹទ្ធសភា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នេះ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដោយរយៈពេលនេះ ព្រឹទ្ធសភាកំពុងស្ថិតក្នុងវិស្សមកាលនៅឡើយ សូមសម្តេចប្រធានព្រឹទ្ធសភា មេត្តាកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ ដើម្បីពិនិត្យហើយអោយយោបល់លើសេចក្តីព្រាងច្បាប់នេះ បន្ទាប់ពីរដ្ឋសភាពិនិត្យនិងអនុម័តរួច និង បញ្ជូនដល់ព្រឹទ្ធសភា ដោយអនុគ្រោះ ។

ដោយឡែក លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ថ្លែងថា នៅល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នេះ សេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន” ដែលរៀបចំដោយ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបញ្ជូនទៅដល់រដ្ឋសភាហើយ ។

លោក ឡេង ប៉េងឡុង អះអាងថា នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ រដ្ឋសភា នឹងមានកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍មួយ ហើយសេចក្តីព្រាងច្បាប់ដែលដាក់ជាប្រញាប់នេះ អាចនឹងដាក់ទៅពិភាក្សា និង អនុម័ត នៅសប្តាហ៍ក្រោយតែម្តង ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន” មានចំនួន៥ជំពូកនិង១១មាត្រា ដែលមាត្រា១ បានបញ្ជាក់ពីគោលបំណងថា “ច្បាប់នេះ កំណត់អំពីបែបបទ នីតិវិធីនិងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រមទាំងការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននេះ ដើម្បីការពារសន្តិសុខជាតិនិងសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជិវិតនិងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិនិងបរិស្ថាន”។

មាត្រា២ វិញ ចែងថា “ច្បាប់នេះមានវិសាលភាពអនុវត្តនៅពេលដែលប្រទេសជាតិត្រូវបានដាក់ស្ថិតក្នុងភាពអាសន្ន ស្របតាមមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា”។

មាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ ចែងថា “នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា”។

សេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន” នេះ ត្រូវបានគេមើលឃើញថា ដោយសារកម្ពុជាកំពុងប្រឈមមុខជាមួយការរីករាលដាលនៃជំងឺកូវីដ១៩ ដែលពេលនេះ អ្នកមានផ្ទុកសរុបទូទាំងប្រទេសប្រមាណជាង១០០នាក់ ហើយ ៕