ដើម្បីទប់ស្កាត់ COVID-19! សាប៊ូលាងដៃ៥ម៉ឺនដុំ ត្រូវបានចែកដល់ដៃពលរដ្ឋស្រុកបន្ទាយស្រីសឹងគ្រប់ៗគ្នា


(សៀមរាប)៖ សាប៊ូលាងដៃជិត៥ម៉ឺនដុំ ត្រូវបាននាំយកទៅជូនដល់ដៃពលរដ្ឋស្ទើរតែគ្រប់ៗគ្នានៅក្នុងស្រុកបន្ទាយស្រីនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០។ នេះបើយោងតាមការបញ្ជាក់របស់លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅលើផេកហ្វេសបុករបស់ខ្លួន។

លោកឃឹម ហ្វីណង់ ឱ្យដឹងយ៉ាងដូច្នេះថា ៖ « រដ្ឋបាលស្រុកបានផ្សព្វផ្សាយជាងពីរសប្តាហ៍រួចហើយ ជនបង្គោលតាមភូមិក៏មានរួចដែរ ខិត្តបណ្ណអប់រំក៏បានចែកជូនបន្ថែម៥ម៉ឺនសន្លឹក ហើយសាប៊ូក៏បាននាំយកទៅដល់ដៃគ្រប់ៗគ្នាទៀត។ សង្ឃឹមថាចាប់ពីថ្ងៃនេះទៅ ពុកម៉ែបងប្អូនលោកតាលោកយាយនឹងចូលរួមលាងដៃទាំងអស់គ្នា លាងឱ្យបានញឹកញាប់ លាងឱ្យបានត្រឹមត្រូវ លាងដើម្បីការពារខ្លួនយើងនិងមនុស្សដែលយើងស្រលាញ់ទាំងអស់គ្នា។ ទម្លាប់ថ្មីងាយៗនេះ នឹងក្លាយជាអាវុធដ៏មានប្រសិទ្ធភាពដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ១៩នៅក្នុងសហគមន៍បន្ទាយស្រីយើងបាន។»។

សូមជម្រាបថា រដ្ឋបាលស្រុកបន្ទាយស្រីបានបើកយុទ្ធនាការទ្រង់ទ្រាយធំ ដោយប្រើប្រាស់កំលាំងស្ម័គ្រចិត្ត៥០០នាក់ ចុះចែកសាប៊ូលាងដៃ ៥ម៉ឺនដុំ និងផ្សព្វផ្សាយខិត្តបណ្ណអប់រំពីមេរោគកូវីដ១៩ចំនួន ៥ម៉ឺនសន្លឹក ជូនទៅដល់ខ្នងផ្ទះពលរដ្ឋដោយផ្ទាល់ នៅក្នុងភូមិទាំង៣៦ នៃស្រុកបន្ទាយស្រី ដោយពលរដ្ឋម្នាក់បានសាប៊ូ ១ដុំ ឬ ៥ដុំ ក្នុងមួយគ្រួសារ ដែលអាចលាងសម្អាតដៃបានពីមួយខែទៅពីរខែ៕